មន្ត្រីនគរបាលបានប្រើប្រាស់ការបាញ់ម្សៅម្រេច និងដំបង ដើម្បីរុញច្រានក្រុមនិវត្តន៍ជន ជនជាតិអាហ្សង់ទីន និងអ្នកគាំទ្ររបស់ពួកគេ នៅក្នុងទីក្រុង Buenos Aires កាលពីថ្ងៃពុធ ទី៥ ខែមីនា អំឡុងពេលតវ៉ា។

អ្នកចូលនិវត្តន៍ បានប្រឆាំងវិធានការរដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei ដូចជាការប្រើប្រាស់សិទ្ធវ៉េតូរបស់លោកចំពោះកំណែទម្រង់ប្រាក់សោធននិវត្តន៍ និងការកាត់បន្ថយផ្នែកវេជ្ជសាស្ត្រ ដែលបានមកតវ៉ានៅខាងក្រៅអគារសភា ជាអ្វីដែលពួកគេធ្វើជាប្រចាំនៅរាល់ថ្ងៃពុធ។

កាលពីលើកមុន អ្នកចូលនិវត្តន៍ជនជាតិអាហ្សង់ទីន ក៏បានចេញតវ៉ាប្រឆាំងសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការកំណត់ការទទួលបានឱសថដោយឥតគិតថ្លៃ ដែលបានធ្វើប៉ះពាល់ដល់មនុស្សរាប់លាននាក់ជាអ្នកធ្លាប់ទទួលបានឱសថដោយឥតគិតថ្លៃតាមរយៈទីភ្នាក់ងាររដ្ឋាភិបាលធានារ៉ាប់រងសុខភាពសាធារណៈរបស់និវត្តន៍ជន។