ចិន៖ កាលពីថ្ងៃអង្គារ ប្រទេសចិនបានតវ៉ាចំពោះការបើកនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយហៅសកម្មភាពនោះថា ជាវិធានការចេតនាដើម្បីបំផ្លាញស្ថិរភាពក្នុងតំបន់។ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាត Milius បំពាក់មីស៊ីលខ្នាតនាំផ្លូវ Arleigh Burke បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់តាមទម្លាប់កាលពីថ្ងៃអង្គារ ស្របតាមច្បាប់អន្តរជាតិ។

ប្រភពខាងលើបាននិយាយថា ការឆ្លងកាត់របស់នាវាកាត់តាមច្រកសមុទ្រនេះ "បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ សេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់កងនាវាទី៧ បាននិយាយថា "យោធាសហរដ្ឋអាមេរិកបានហោះហើរ បើកបរនាវា និងប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត"។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបាននឹងកំពុង "បង្ហាញសាច់ដុំ និងបង្កបញ្ហានៅច្រកសមុទ្រតៃវ៉ាន់ម្តងហើយម្តងទៀត ក្រោមលេសសេរីភាពនៃការធ្វើនាវាចរណ៍។ លោក Zhao បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា "នេះមិនមែនជាការប្តេជ្ញាចិត្តចំពោះសេរីភាព និងការបើកចំហរនោះទេ ប៉ុន្តែជាការប៉ុនប៉ងដោយចេតនាដើម្បីរំខាន និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ស្របពេលដែលភាពតានតឹងរវាងអាមេរិក និងចិនជុំវិញបញ្ហាកោះតៃវ៉ាន់នៅតែពុំទាន់ដោះស្រាយបាន កាលពីថ្ងៃអង្គារកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាតាមវីដេអូរយៈពេល ៥ម៉ោងស្ដីពីការចរចាសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី២ របស់ខ្លួន។ ជំនួបនេះក៏ពិភាក្សាផងដែរពីទណ្ឌកម្មរបស់ក្រុងប៉េកាំងលើប្រទេសលីទុយអានី បន្ទាប់ពីប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយនេះ បានអនុញ្ញាតឲ្យកោះតៃវ៉ាន់បើកការិយាល័យតំណាងក្រោមឈ្មោះកោះតៃវ៉ាន់នៅក្នុងរដ្ឋធានីរបស់ខ្លួន៕
អត្ថបទ៖ សុខមាន