ប្រទេសកាតា កាលពីថ្ងៃពុធទី៥ ខែមីនា បានច្រានចោលនូវអ្វីដែលខ្លួនបាននិយាយថាជា «ការចោទប្រកាន់មិនពិត» ធ្វើឡើងដោយទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល ថាមានការផ្តល់មូលនិធិពីរដ្ឋឈូងសមុទ្រនេះដើម្បីបង្កើនកម្លាំងយោធារបស់ក្រុមហាម៉ាស មុនពេលការវាយប្រហារដែលមិនធ្លាប់មានពីមុនមក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់ប្រទេសកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការចោទប្រកាន់មិនពិត ដែលបានធ្វើឡើងដោយទីភ្នាក់ងារសន្តិសុខ Shin Bet ពីការជាប់ទាក់ទងជំនួយរបស់ប្រទេសកាតាទៅនឹងការវាយប្រហារថ្ងៃទី៧ ខែតុលា នៅតែជាគំរូមួយផ្សេងទៀតនៃការនិយាយបំផ្លើសដែលជំរុញដោយផលប្រយោជន៍ផ្ទាល់ខ្លួន និងការរក្សាខ្លួនឯងនៅក្នុងនយោបាយអ៊ីស្រាអែល»។

ទីភ្នាក់ងារសន្តិសុខ បានចេញផ្សាយការរកឃើញពីការស៊ើបអង្កេតផ្ទៃក្នុងកាលពីថ្ងៃអង្គារ ដោយទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុងការទប់ស្កាត់ការវាយប្រហារហួសព្រំដែនពីតំបន់ហ្កាហ្សាទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមរយៈពេល១៥ ខែមកនេះ នៅក្នុងដែនដីប៉ាឡេស្ទីន។
របាយការណ៍របស់ទីភ្នាក់ងារ Shin Bet បាននិយាយថា លំហូរនៃមូលនិធិរបស់ប្រទេសកាតា និងការផ្ទេររបស់ពួកគេទៅកាន់ស្លាបយោធា គឺជា «ហេតុផលចម្បងសម្រាប់ការពង្រឹងក្រុមហាម៉ាស ដែលអនុញ្ញាតឱ្យក្រុមនេះ ចាប់ផ្តើមការវាយប្រហារ។
សេចក្តីថ្លែងការណ៍របស់ប្រទេសកាតា បាននិយាយថា «វាត្រូវបានគេដឹងយ៉ាងច្បាស់ទាំងនៅក្នុងប្រទេសអ៊ីស្រាអែល និងអន្តរជាតិ ថាជំនួយទាំងអស់ដែលបានបញ្ជូនពីប្រទេសកាតាទៅកាន់តំបន់ហ្កាហ្សា ត្រូវបានផ្ទេរដោយការទទួលដឹងពេញលេញ គាំទ្រនិងត្រួតពិនិត្យពីរដ្ឋបាលអ៊ីស្រាអែល និងភ្នាក់ងារសន្តិសុខរបស់ពួកគេ រួមទាំងទីភ្នាក់ងារ Shin Bet»។