តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចប្រឆាំងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ដោយបានតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលថារដ្ឋាភិបាល មិនអាចកាត់ទុកការចំណាយដល់អង្គការជំនួយបរទេសសម្រាប់ការងារដែលពួកគេបានធ្វើរួចហើយ នោះទេ។

ឧបសគ្គផ្លូវច្បាប់ កើតឡើងនៅពេលដែលប្រធានាធិបតីគណបក្សសាធារណរដ្ឋរូបនេះ មានចំណាត់ការដើម្បីបញ្ឈប់ជំនួយលើគម្រោងមនុស្សធម៌របស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក។
ដោយធ្វើតាមអ្វីដែលលោក បានហៅថារបៀបវារៈ «America First» លោក Trump បានចេញក្រឹត្យឱ្យផ្អាករយៈពេល៩០ថ្ងៃលើជំនួយបរទេសទាំងអស់ នៅថ្ងៃដំបូងដែលលោកបានចូលកាន់តំណែង។
ក្រឹត្យ និងការបន្តបទបញ្ជាបញ្ឈប់ការងារដែលផ្អាកប្រតិបត្តិការរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)នៅជុំវិញពិភពលោក បានធ្វើឱ្យមានគ្រោះថ្នាក់ដល់ការផ្តល់អាហារសង្គ្រោះអាយុជីវិត និងជំនួយវេជ្ជសាស្រ្ដ ដោយបានទម្លាក់ចោលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌នៅទូទាំងពិភពលោកឱ្យជួបភាពវឹកវរ។

អង្គការផ្តល់ជំនួយបានចោទប្រកាន់ លោក Trump នៅក្នុងពាក្យបណ្តឹង ពីការធ្វើហួសសិទ្ធិអំណាចរបស់លោក ក្រោមច្បាប់សហព័ន្ធដោយការឈានជើងចូលទៅក្នុងផ្នែកដែលជាបញ្ហារបស់សភា។