យោធាប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំទ្រង់ទ្រាយធំរបស់ប្រទេសទាំងពីរនៅសប្តាហ៍ក្រោយ ដើម្បីបង្កើនការត្រៀមខ្លួនរបស់ពួកគេប្រឆាំងការគំរាមកំហែងពីសំណាក់ប្រទេសកូរ៉េខាងជើង ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានគំរាមបង្កហេតុកម្រិតខ្ពស់ប្រឆាំងនឹងអ្វីដែលប្រទេសនេះចាត់ទុកថាជាការបង្កើនការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិក។

នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចូលរួមក្នុងសមយុទ្ធ Freedom Shield ជាការហ្វឹកហាត់ប៉ុស្តិ៍ទីបញ្ជាការដែលប្រដូចទៅនឹងការពិតតាមគំរូកុំព្យូទ័រ និងលំហាត់ដែលពាក់ព័ន្ធផ្សេងទៀតចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ ដល់ថ្ងៃទី២០ខែមីនា ។

សេចក្តីថ្លែងការណ៍បាននិយាយថា សមយុទ្ធ Freedom Shield នឹងពាក់ព័ន្ធទៅនឹងការឆ្លើយតបចំពោះការវិវត្តនៃបញ្ហាប្រឈមនានា ដូចជាភាពជាដៃគូយោធាដែលកំពុងកើនឡើងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី។ កូរ៉េខាងជើង បានចាត់ទុកការហ្វឹកហ្វឺនយោធាសំខាន់ៗរបស់កូរ៉េខាងត្បូង-អាមេរិក ថាជាការហាត់សមការឈ្លានពាន ហើយជារឿយៗឆ្លើយតបដោយការសាកល្បងមីស៊ីល និងវោហាសាស្ត្រដ៏ខ្លាំងក្លា។
