សមាជិកសហភាពអឺរ៉ុប ជួបពិភាក្សាគ្នាអំពីផែនការបំពាក់អាវុធឡើងវិញរបស់អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលពិសេសមួយ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍នេះ។ សមាជិកអឺរ៉ុប កំពុងស្ថិតនៅក្រោមសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការផ្តល់ការចំណាយបន្ថែមទៀតសម្រាប់វិស័យការពារជាតិ ក្នុងតំបន់។

លោក Trump ក៏កំពុងទាមទារឲ្យអឺរ៉ុបបង្កើនការចូលរួមក្នុងកិច្ចប្រឹងប្រែងឈានទៅរកបទឈប់បាញ់នៅអ៊ុយក្រែន។ មេដឹកនាំជាច្រើន ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការបង្កើនថវិកាការពារជាតិរបស់រដ្ឋសមាជិក និងការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួន បន្ទាប់ពីបទឈប់បាញ់ សម្រេចបាននៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានកំណត់ពេលចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ក៏បានបង្ហាញផែនការសម្រាប់ការបំពាក់អាវុធឡើងវិញរបស់អឺរ៉ុប ដែលមានគោលបំណងធានាបានថវិការហូតដល់ទៅ៨០០ពាន់លានអឺរ៉ូ ឬប្រហែល៨៦០ពាន់លានដុល្លារ សម្រាប់អឺរ៉ុបមានសុវត្ថិភាព និងភាពខ្លាំងក្លា។
លោកស្រី Von der Leyen បាននិយាយថា នឹងមានមធ្យោបាយថ្មីមួយ ដែលនឹងផ្តល់ប្រាក់ចំនួន១៥០ពាន់លានអឺរ៉ូ ឬប្រហែល១៦០ពាន់លានដុល្លារជាប្រាក់កម្ចី ដល់រដ្ឋជាសមាជិក សម្រាប់ការវិនិយោគលើវិស័យការពារជាតិ។