លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ដោយប្រឈមមុខនឹងការកើនឡើងនៃភាពតានតឹងជាសកល និងការគំរាមកំហែងនុយក្លេអ៊ែរកាន់តែខ្លាំងឡើង មនុស្សជាតិ គឺចាំបាច់ត្រូវចំណាយទៅលើឧបករណ៍សន្តិភាព ជាជាងសង្គ្រាម។

អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈដែលលោកបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ក្នុងឱកាសទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីការរំសាយអាវុធ និងមិនរីកសាយភាយអាវុធថា៖«លោកអគ្គលេខាធិការ បានសង្កត់ធ្ងន់ថា អនាគតរបស់មនុស្សជាតិ អាស្រ័យលើការវិនិយោគលើគ្រឿងចក្រនៃសន្តិភាព និងមិនមែនគ្រឿងចក្រនៃសង្រ្គាមនោះទេ។ ប៉ុន្តែលោកបានព្រមានថា ភាពតានតឹងសកល កំពុងកើនឡើង។ ការគំរាមកំហែងដោយនុយក្លេអ៊ែរ កំពុងកើនឡើង។ របាំងការពារ កំពុងចុះខ្សោយ។ លោកអគ្គលេខាធិការ បានជំរុញឲ្យមេដឹកនាំពិភពលោក ពង្រឹងប្រព័ន្ធ និងឧបករណ៍ដែលទប់ស្កាត់ការរីកសាយភាយ ទប់ស្កាត់ការសាកល្បង និងទប់ស្កាត់ការប្រើប្រាស់អាវុធប្រល័យលោក»។

លោក ហ្គុយតឺរេស ក៏បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញតាមការប្តេជ្ញាចិត្តនៃការរំសាយអាវុធ ដែលមានចែងនៅក្នុងកតិកាសញ្ញាសម្រាប់អនាគត ( Pact for the Future) ដែលបានអនុម័តនាពេលថ្មីៗនេះ។ នេះបើយោងតាមអ្នកនាំពាក្យ។ លោក Dujarric បានក៏និយាយថា ការកសាងទំនុកចិត្តក្នុងចំណោមប្រទេសទាំងអស់ និងការគោរពច្បាប់អន្តរជាតិ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។
ថ្ងៃទី ០៥ ខែមីនា គឺជាខួបលើកទី ៥៥ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ដែល បង្កើតឡើងដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ ហើយកិច្ចព្រមព្រៀងអន្តរជាតិនេះ មានគោលបំណងទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយហានិភ័យនៃជម្លោះ ដែលអាវុធបែបនេះ អាចត្រូវបានប្រើប្រាស់។