មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ(UNICEF) បាននិយាយកាលពីថ្ងៃពុធថា ការរារាំងការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត នឹងមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពកុមារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការយូនីសេហ្វ បាននិយាយថា ការរារាំងដែលនៅតែបន្តនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ រួមទាំងវ៉ាក់សាំង អាចនាំទៅដល់ការផ្អាកកម្មវិធីចាក់វ៉ាក់សាំងជាប្រចាំ ដែលធ្វើឲ្យកុមារ តំបន់ហ្កាហ្សា ប្រឈមហានិភ័យនៃការឆ្លងជំងឺដែលអាចការពារបាន។

អង្គការ UNICEF ក៏បានបញ្ជាក់ផងដែរថា ផ្នែកទារកទើបនឹងកើតនៅក្នុងមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា នឹងមិនអាចផ្តល់ការថែទាំចាំបាច់សម្រាប់ទារកមិនគ្រប់ខែ ដោយសារកង្វះឧបករណ៍ និងសម្ភារៈពេទ្យសំខាន់ៗ។ អង្គការយូនីសេហ្វ បានជំរុញឱ្យមានដំណើរការចូលផ្នែកមនុស្សធម៌ជាបន្ទាន់ និងមាននិរន្តរភាព ដោយព្រមានថា ជីវិតរបស់កុមាររាប់ពាន់នាក់ នឹងប្រឈមហានិភ័យ ប្រសិនបើស្ថានភាពបែបនេះនៅតែបន្តកើតមាន។
កាលពីពេលថ្មីៗនេះ អ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងរារាំងដំណើរការចូលនៃជំនួយ និងការផ្គត់ផ្គង់ ទៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីបញ្ចប់ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមហាម៉ាស ដែលបានចូលជាធរមានកាលពីខែមករា។