ក្រុមសកម្មជននៅប្រទេសស៊ូដង់ បាននិយាយថា ការបាញ់ផ្លោងរបស់ទាហានប៉ារ៉ាទៅលើជំរំភៀសខ្លួន ដែលរងប៉ះពាល់ដោយទុរ្ភិក្ស នៅជិតរដ្ឋធានី El-Fasher ដែលត្រូវបានឡោមព័ទ្ធរបស់រដ្ឋNorth Darfur បានសម្លាប់មនុស្ស ៦នាក់ កាលពីថ្ងៃពុធ។

គណៈកម្មាធិការតស៊ូក្នុងតំបន់ ដែលជាក្រុមស្ម័គ្រចិត្តមួយក្នុងចំណោមក្រុមស្ម័គ្រចិត្តរាប់រយក្រុមដែលសម្របសម្រួលជំនួយ នៅទូទាំងប្រទេសស៊ូដង់ បានអះអាងថា កងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាប់គាំងក្នុងជម្លោះដ៏ឃោរឃៅ ជាមួយកងទ័ពធម្មតា ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ បានធ្វើការវាយប្រហារទៅលើជំរំជនភៀសខ្លួន Abu Shouk ។

ការបាញ់ផ្លោងកាលពីថ្ងៃពុធ បានកើតឡើង មួយថ្ងៃ បន្ទាប់ពីក្រុមនេះ បានរាយការណ៍ថា មានអ្នកស្លាប់និងរបួសចំនួន ៨០នាក់ ពីការបាញ់កាំភ្លើងធំកាលពីថ្ងៃអង្គារ ទោះបីជាពុំទាន់អាចបញ្ជាក់ពីចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួសក៏ដោយ។
ការវាយលុករបស់កងកម្លាំងគាំទ្ររហ័ស RSF ទៅលើជំរំជនភៀសខ្លួននេះ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី២នៃខែបុណ្យរ៉ាម៉ាដានដ៏ពិសិដ្ឋរបស់សាសនាមូស្លីម នៅប្រទេសអាហ្រ្វិកភាគឦសាននេះ។
ក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា ជនស៊ីវិលបានដើរទិញអីវ៉ាន់សម្រាប់ការផ្គត់ផ្គង់ពិធីបុណ្យរ៉ាម៉ាដាន នៅពេលដែលគ្រាប់ផ្លោង បានធ្លាក់ត្រូវជំរំ និងទីផ្សារដែលមានមនុស្សច្រើននៅក្បែរនោះ ដោយបានបណ្តាលឲ្យមនុស្ស ៦នាក់ ស្លាប់។