ភ្នំពេញ ៖ វិស័យឯកជន ថ្លែងនូវការសាទរចំពោះរាជរដ្ឋាភិបាល ដែលបានបន្តលើកទឹកចិត្ត អនុគ្រោះការលើកលែងពន្ធ ចំពោះ វិស័យដែលកំពុងរងនូវការប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដើម្បីជួយទ្រទ្រង់ដល់វិស័យប៉ះពាល់ទាំងនោះ អាចស្តារ និងអភិវឌ្ឍន៍អាជីវកម្ម របស់ខ្លួនឡើងវិញ ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាករបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺកូវីដ១៩ រួមមាន ៖ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ រួមទាំងវិស័យ ដែលរងផលប៉ះពាល់ផ្សេងៗទៀតនោះ រាជរដ្ឋាភិបាលបានបន្តផ្តល់ការអនុគ្រោះពន្ធ រយៈពេល ៦ខែ ថែមទៀត ក្នុងឆ្នាំ ២០២២ ខាងមុខ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីអំពីការអនុវត្តន៍វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយគាំទ្រដល់វិស័យ ដែលផលប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ១៩ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះថា នៅក្នុងកំឡុងពេលជិត ២ ឆ្នាំមកនេះ វិស័យ ដែលបម្រើសេវាកម្មទេសចរណ៍ ត្រូវបានបិទទ្វារទាំងស្រុង ក្នុងនោះបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ យើងឃើញថា អាជីវកម្មមួយចំនួនបានកំពុងរៀបចំគម្រោងរបស់ខ្លួនឡើងវិញ និងមួយចំនួនអាចរៀបចំគម្រោងផែនការ ជាបន្តបន្ទាប់ផងដែរ ។
ចំពោះវិធានការអន្តរាគមន៍ លើកលែងពន្ធលើវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ រួមទាំងវិស័យដែលរងផល ប៉ះពាល់ផ្សេងៗទៀត មានរយៈពេល ៦ខែ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ, លោកស្រី ឆាយ ស៊ីវលីន បានសម្តែងនូវអំណរគុណ និងថ្លែងនូវការគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ដែលបានបន្តអនុគ្រោះដល់វិស័យដែលកំពុងរងគ្រោះ ទោះបី រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ យ៉ាងក៏ដោយគឺវិស័យនេះ ត្រូវការពេលវេលាក្នុងការរៀបចំ និងស្តារជីវភាពរបស់ ពួគគាត់ឡើងវិញផងដែរ។
ចំណែកលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ក៏បានបានថ្លែងនូវការសាទេ ចំពោះការអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាល ដែលជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីជួយស្រោចស្រង់ ដល់វិស័យដែលរងនូវការប៉ះពាល់ អាចស្តារអាជីវកម្មឡើងវិញ ដែលកន្លងមកនេះវិស័យសណ្ឋាគារ ត្រូវបានដេកដួលទាំងស្រុងផងដែរ ជាក់ស្តែងមកដល់ពេលនេះ ចំពោះសណ្ឋាគារធំៗ គឺបានរៀបចំបើកដំណើរឡើងវិញមានចំនួនតិចតូចតែប៉ុណ្ណោះ ។
ឯកឧត្តម គង់ វិបុល ស្របពេលនេះដែរ រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយបង្កើតពន្ធថ្មីនោះទេ ផ្ទុយទៅវិញមានតែសម្រួលលើកលែង និងអនុគ្រោះពន្ធដល់វិស័យអាទិភាពផ្សេងៗ ពិសេសវិស័យកសិកម្មជាដើម៕
អត្ថបទ៖ សុន រ៉ាឌី