អ្នកឃ្លាំមើលអាកាសធាតុរបស់អឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៦ មីនា) នេះថា គម្របទឹកកកសមុទ្រពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបខ្លាំងបំផុតជាប្រវត្តិសាស្ត្រនៅក្នុងខែកុម្ភៈ ដោយសីតុណ្ហភាពដ៏ក្ដៅគគុកបន្តកើនឡើងដល់ ១១អង្សាសេ បន្ថែមពីលើកម្រិតមធ្យមនៅជិតប៉ូលខាងជើង ខណៈពិភពលោកបានបន្តឡើងកម្ដៅជាប់រហូត។

សេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់អឺរ៉ុប បាននិយាយថា ខែកុម្ភៈ ឆ្នាំនេះ គឺជាខែកុម្ភៈដ៏ក្តៅបំផុតទីបី ដោយសារកំណើនការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបង្កើនកម្ដៅភពផែនដី ធ្វើឱ្យសីតុណ្ហភាពពិភពលោករឹងរូសមិនព្រមថយចុះ ខណៈនៅទូទាំងពិភពលោក ក្ដៅក្នុងខែកុម្ភៈ ឆ្នាំនេះឡើង ១,៥៩អង្សាសេ ក្តៅជាងសម័យមុនឧស្សាហកម្ម ដោយបន្ថែមថា រយៈពេលពីខែធ្នូ ដល់ខែកុម្ភៈ គឺក្តៅបំផុតទីពីរនៅក្នុងកំណត់ត្រា។
ទីភ្នាក់ងារ Copernicus បន្តថា មូលហេតុនេះបានជួយរុញច្រានគម្របទឹកកកមហាសមុទ្រអង់តាកទិក និងអាកទិករួមបញ្ចូលគ្នា - ដែលជាតំបន់មហាសមុទ្រទឹកកក និងស្រទាប់ទឹកកកអណ្តែតលើផ្ទៃទឹក - ឱ្យធ្លាក់ដល់កម្រិតអប្បបរមា ១៦,០៤លានគីឡូម៉ែត្រក្រឡា កាលពីថ្ងៃទី០៧ ខែកុម្ភៈ។
គួរឱ្យដឹងថា ការថយចុះនៃគម្របទឹកកកសមុទ្រមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើអាកាសធាតុ មនុស្សលោក និងប្រព័ន្ធអេកូឡូស៊ី មិនត្រឹមតែក្នុងតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែជាសកល៕

