សារព័ត៌មានក្យូដូ រាយការណ៍នៅថ្ងៃព្រហស្បតិ៍ (០៦ មីនា) នេះថា ចំហេះព្រៃដ៏ធំមួយនៅភាគឦសានប្រទេសជប៉ុន បានបន្តរីករាលដាល ដោយបានឆាបឆេះផ្ទៃដីប្រហែល ៣.០០០ហិកតា ទោះបីជាមានភ្លៀងធ្លាក់កាលពីថ្ងៃពុធ ដែលបានបំបាក់កម្លាំងចំហេះនេះខ្លះក៏ដោយ ។
ចំហេះព្រៃនៅក្រុង Ofunato ខេត្ត Iwate បានឆេះ ៩% នៃផ្ទៃដីសរុបរបស់ទីក្រុង ហើយការិយាល័យអាកាសធាតុក្នុងតំបន់និយាយថា ខណៈភ្លៀងត្រូវបានរំពឹងទុករហូតដល់ថ្ងៃព្រហស្បតិ៍នេះ កិច្ចខិតខំប្រឹងប្រែងពន្លត់អណ្ដាតភ្លើងត្រូវបានរារាំងដោយព្រិលធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់។

រដ្ឋាភិបាលក្រុង Ofunato និយាយថា ខ្លួនណែនាំអ្នកស្រុកជាង ៤.៥០០នាក់មកពីប្រមាណ ១.៩០០គ្រួសារឱ្យជម្លៀស ប៉ុន្តែអាជ្ញាធរក្នុងតំបន់ ក៏កំពុងពិចារណាដកបទបញ្ជានេះសម្រាប់តំបន់មួយចំនួន បន្ទាប់ពីភ្លៀងធ្លាក់បានសម្រាលបន្ទុកខ្លះដល់ក្រុមពន្លត់អគ្គិភ័យ ដោយតាមដានយ៉ាងដិតដល់នូវស្ថានភាពចំហេះ ដើម្បីបញ្ជាក់ពីពេលវេលា និងទីកន្លែងដែលត្រូវដកបញ្ជាជម្លៀស។
លោកនាយករដ្ឋមន្ត្រី Shigeru Ishiba បានប្រាប់សភាកាលពីថ្ងៃពុធថា ចំហេះនោះជា "គ្រោះមហន្តរាយធ្ងន់ធ្ងរបំផុត"។ មន្ត្រីក្រុងនិយាយថា គេមិនទាន់ដឹងថាអណ្ដាតភ្លើងនឹងរលត់នៅពេលណានោះទេ ហើយមន្រ្តីកំពុងបន្តសកម្មភាពរបស់ពួកគេ ខណៈឧទ្ធម្ភាគចក្រក៏បន្តកិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើងពីលើអាកាសជាលើកដំបូងក្នុងរយៈពេលពីរថ្ងៃមកនេះ៕

