ប្រមុខបញ្ជាការយោធាទទួលបន្ទុកប្រព័ន្ធយានដ្រូនរបស់អ៊ុយក្រែន បានព្រមានថា កងកម្លាំងប្រដាប់អាវុធរបស់អង្គការណាតូ មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមយានដ្រូនទំនើបនៅឡើយទេ បន្ទាប់ពី ៣ឆ្នាំចូលទៅក្នុងជម្លោះជាមួយរុស្ស៊ី ដែលភាគីទាំងពីរកំពុងជំរុញការធ្វើសង្រ្គាមតាមផ្នែកបច្ចេកវិទ្យា។
លោក វ៉ាឌីម ស៊ូខារ៉េវស្គី (Vadym Sukharevskyi) ប្រមុខកងកម្លាំងប្រព័ន្ធយានដ្រូនស់អ៊ុយក្រែន បានលើកឡើងថា ទីក្រុងគីវ កំពុងព្យាយាមបន្តនាំមុខសត្រូវ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ការដាក់ពង្រាយយានដ្រូនបន្ថែមទៀតនៅលើសមរភូមិ និងការសាកល្បងប្រព័ន្ធឡាស៊ែរ ដើម្បីបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី។

ជាមួយគ្នានេះ លោក Sukharevskyi បានព្រមានក្នុងបទសម្ភាសន៍ថ្មីៗនេះថា "តាមអ្វីដែលលោកមើលឃើញ និងបានដឹង ពុំមានកងទ័ពណាតូណាម្នាក់បានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងសង្រ្គាមយានដ្រូននោះទេ"។ លោកជំរុញឱ្យណាតូ ទទួលស្គាល់អត្ថប្រយោជន៍សេដ្ឋកិច្ចរបស់យានដ្រូន ដែលជារឿយៗចំណាយប្រាក់តិចក្នុងការសាងសង់ជាងសព្វាវុធធម្មតា។
ការអត្ថាធិប្បាយរបស់មេបញ្ជាការអ៊ុយក្រែនរូបនេះ ធ្វើឡើងនៅពេលសមាជិកណាតូមួយចំនួននៅអឺរ៉ុប កំពុងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីត្រៀមធ្វើសង្គ្រាម ប្រសិនបើជម្លោះអ៊ុយក្រែនអូសបន្លាយ ឬកើនឡើង។ ដោយការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន និងអឺរ៉ុបកំពុងធ្លាក់ចុះ ពេលនេះកិច្ចខិតខំប្រឹងប្រែងទាំងនោះបានបង្កើនល្បឿងកាន់តែខ្លាំងឡើង៕

