ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងអំឡុងពេលរលកកម្ដៅដ៏ខ្លាំងក្លាទូទាំងពិភពលោកនៅឆ្នាំ២០២៤ បានកើនឡើងទ្វេដងនូវតម្រូវការអគ្គិសនីនៅក្នុងប្រទេសដែលមានទីផ្សារធំៗជាច្រើន រួមទាំងឥណ្ឌាផងដែរ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវថាមពលសកលឯករាជ្យ Ember ដែលមានបំណងពន្លឿនការផ្លាស់ប្តូរថាមពលស្អាតជាមួយនឹងទិន្នន័យ និងគោលនយោបាយ។

ស្ថាប័ន Ember រកឃើញថា ព្រឹត្តិការណ៍កម្ដៅខ្លាំងក្នុងឆ្នាំ២០២៤ នៅក្នុងទីផ្សារអគ្គិសនីធំជាងគេទាំងបីរបស់ពិភពលោកគឺ ឥណ្ឌា ចិន និងសហរដ្ឋអាមេរិក បណ្តាលឱ្យមានកំណើននៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលបណ្តាលឱ្យតម្រូវការអគ្គិសនីកើនឡើងទ្វេដងក្នុងខែរលកកម្ដៅមួយចំនួន ពោលគឺខែសីហា និងខែកញ្ញានៅក្នុងប្រទេសចិន និងខែមិថុនា នៅសហរដ្ឋអាមេរិក ហើយនិងខែឧសភា នៅក្នុងប្រទេសឥណ្ឌា។
អាមេរិក បានមើលឃើញកំណើនគួរឱ្យកត់សម្គាល់នៃការបង្កើតធ្យូងថ្ម និងឧស្ម័នដើម្បីបំពេញតម្រូវការថាមពលបន្ថែម។ នៅពេលសីតុណ្ហភាពកើនឡើងខ្លាំង ដែលបានដាក់បន្ទុកទៅលើបណ្ដាញផ្គត់ផ្គង់ថាមពល ប្រទេសទាំងបីបានងាកទៅរកធ្យូងថ្ម ខណៈអាមេរិក បន្ថែមលើការពឹងផ្អែកលើឧស្ម័នដើម្បីបន្ធូរបន្ថយសម្ពាធ៕

