បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានកក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ហើយក្រោយយកឈ្នះនៅទឹកដី Villarreal ២-០ យប់មិញ។ Michael Carrick បានគឺជាអ្នកចាត់ការបណ្តោះអាសន្នបន្ទាប់ពី Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញ ខណៈអតីតខ្សែបម្រើ Manchester United ផ្ញើជ័យជំនះនេះទៅកាន់អតីតអ្នកចាត់ការសញ្ជាតិណ័រវេសផងដែរ។

ម្ចាស់ជ័យលាភី UCL ជាមួយក្រុមបិសាចក្រហមកាលពីឆ្នាំ២០០៨ រូបនេះបាននិយាយក្រោយចប់ការប្រកួតថា ក្រុមទាំងមូលពិតជាឆ្លងកាត់បរិយាកាសដ៏អាប់អួរមួយរយៈចុងក្រោយនេះ ហើយជ័យជំនះនេះក្រុមទាំងមូលសូមផ្ញើទៅកាន់ Ole។ Cristiano Ronaldo ជាថ្មីទៀតជាអ្នករកបានគ្រាប់បាល់នាំមុខនៅនាទីទី៧៨ ក្រោយកំហុសរបស់អ្នកចាំទី Villarreal និងខ្សែការពារ ខណៈមួយគ្រាប់ទៀតធ្វើបានដោយ Jadon Sancho ស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនតាំងពីផ្ទេរពី Dortmund។

បីពិន្ទុនេះធ្វើឱ្យ Manchester United បន្តកាន់កាប់ពូល F មាន ១០ពិន្ទុធានាបានកៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយបើទោះជាចាញ់ប្រកួតចុងក្រោយក៏នៅតែលេខ ១ ខណៈ Villarreal បន្តឈរលេខ ២ មាន ៧ពិន្ទុ។ មួយគូទៀតក្នុងពូលនេះ Atalanta មិនអាចឡើងមកលេខ ២ បានឡើយក្រោយបានត្រឹមស្មើនៅទឹកដី Young Boys ៣-៣។ Atalanta នៅតែឈរលេខ ៣ ក្នុងពូលមាន ៦ពិន្ទុខណៈ Young Boys បាតតារាងមាន ៤ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ