ប្រភពមួយបានប្រាប់សារព័ត៌មាន The Moscow Times ថា វិមានក្រឹមឡាំងកំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងៗថា ជម្លោះដែលកំពុងបន្តមាន រវាងលោក Donald Trump និងលោក Volodymyr Zelenskyy អាចប៉ះពាល់ដល់កិច្ចព្រមព្រៀងដែលអាចកើតមាន រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។
ខណៈដែលលោក Donald Trump ជំរុញឲ្យបញ្ចប់សង្រ្គាមដែលអូសបន្លាយជាង ៣ឆ្នាំមកហើយនោះ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចពិភាក្សារួចហើយ ក្នុងគោលបំណង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។
កាលពីសប្តាហ៍មុន លោក Zelenskyy និងលោក Trump បានប៉ះទង្គិចគ្នានៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែឥឡូវនេះ វិមានក្រឹមឡាំង មានក្ដីបារម្ភ ដែលថា ជម្លោះពាក្យសម្ដី រវាងមេដឹកនាំទាំង២ នៅទីបំផុត អាចផ្ដល់ភាពចំណេញដល់អ៊ុយក្រែន។
ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកការទូតរុស្ស៊ីម្នាក់ បានប្រាប់ថា៖ «យើង (រុស្ស៊ី) មានតម្លៃ សម្រាប់លោក Trump ជាចម្បងក្នុងបរិបទនៃការដោះស្រាយបញ្ហា ពោលគឺសង្គ្រាម នៅអ៊ុយក្រែន។ ប្រសិនបើបញ្ហានោះលែងជាអាទិភាពហើយនោះ អីចឹង? របៀបវារៈទាំងមូល គឺស្ថិតក្នុងភាពមិនច្បាស់លាស់ ពោលគឺតើមានអ្វីទៀតដែលត្រូវពិភាក្សាគ្នា?។
អ្នកការទូតរុស្ស៊ីម្នាក់ទៀតបានបន្ថែមថា៖ «គោលបំណងដ៏ធំរបស់លោក Trump គឺសមត្ថភាព ក្នុងការបង្ហាញពីខ្លួនឯងថា ជាបុគ្គលដែលអាចដោះស្រាយបញ្ហាដ៏លំបាកមួយបាន។ ប្រសិនបើអ៊ុយក្រែនមិនយល់ព្រមតាមលក្ខខណ្ឌរបស់លោក វិធីសាស្ត្រទាំងអស់ នឹងលែងមានន័យទៀតហើយ»៕