កងទ័ពអាកាសកូរ៉េខាងត្បូង និយាយថា យន្តហោះចម្បាំងមួយគ្រឿងក្នុងចំណោមយន្តហោះចម្បាំងរបស់ខ្លួន បានទម្លាក់គ្រាប់បែក ៨គ្រាប់ដោយចៃដន្យចំខុសទីតាំង អំឡុងសមយុទ្ធយោធារបស់ពួកគេ បណ្តាលឲ្យជនស៊ីវិលជាច្រើននាក់រងរបួស ។
កងទ័ពអាកាសកូរ៉េខាងត្បូង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា គ្រាប់បែក MK-82 ចំនួន ៨គ្រាប់ ដែលត្រូវបានទម្លាក់ចេញពីយន្តហោះ KF-16 បានធ្លាក់នៅក្រៅជួរបាញ់គ្រាប់ដែលបានកំណត់ ។
ឧបទ្ទេវហេតុមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១០ព្រឹកម៉ោងក្នុងស្រុក នៅទីក្រុង Pocheon ស្ថិតនៅចម្ងាយប្រហែល ២៥គ.មពីព្រំដែនជាមួយកូរ៉េខាងជើង ។
កងទ័ពអាកាសកូរ៉េខាងត្បូង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកយើងមានការសោកស្តាយជាខ្លាំងចំពោះការទម្លាក់គ្រាប់បែកគ្មានចេតនាមួយនេះ ដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល ហើយពួកយើងសូមជូនពរឲ្យអ្នករងរបួសឆាប់ជាសះស្បើយឡើងវិញ ។
ពួកគេបន្តថា ពួកគេបានបង្កើតគណៈកម្មាធិការឆ្លើយតបឧបទ្ទេវហេតុ ដើម្បីបើកការស៊ើបអង្កេតលើករណីមួយនេះ ហើយពួកគេនឹងចាត់វិធានការចាំបាច់ទាំងអស់ រួមទាំងសំណងសម្រាប់ការខូចខាតផងដែរ ៕