អភិបាលតំបន់ម្នាក់ បាននិយាយថា ប្រទេសទួរគី គ្រោងនឹងសាងសង់របងមានប្រវែង ៨,៥ គីឡូម៉ែត្រ នៅព្រំដែនភាគខាងលិចរបស់ខ្លួន ដែលប្រទេសជិតខាងក្រិក និងប៊ុលហ្គារី បានសាងសង់របងផ្ទាល់ ខ្លួនរួចហើយ។
ការសង់របងនេះ មានគោលបំណងការពារជនអន្តោប្រវេសន៍មិនឲ្យឆ្លងចូលទៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប។
នាពេលកន្លងទៅ ទួរគីបានសាងសង់របងនៅតាមព្រំដែនរបស់ខ្លួន ជាមួយអ៊ីរ៉ង់ និងស៊ីរី។
លោក Yunus Sezer អភិបាលក្រុង Edirne នៅភាគពាយ័ព្យប្រទេសទួរគី បាននិយាយថា៖«នេះគឺជាលើកដំបូង យើងនឹងចាត់វិធានការសន្តិសុខជាក់ស្តែង នៅឆ្នាំនេះ នៅតាមព្រំដែនខាងលិចរបស់យើង»។
អភិបាលក្រុងរូបនេះ បានបញ្ជាក់ថា ដំបូងឡើយ របងមានប្រវែង ៨,៥ គីឡូម៉ែត្រ ត្រូវបានគេគ្រោងទុក ដោយបន្ថែមថា វាអាចត្រូវបានពង្រីកបន្ថែមទៀត។
លោកបានបន្ថែមថា៖«យើងនឹងចាប់ផ្តើមពីព្រំដែន ជាមួយប្រទេសក្រិច ហើយពីទីនោះ ហើយនឹងបន្តក្នុង រយៈពេលខាងមុខ អាស្រ័យលើស្ថានភាព”។
ប្រទេសទួរគី មានព្រំដែនចម្ងាយ ២០០ គីឡូម៉ែត្រ ជាមួយប្រទេសក្រិក ហើយព្រំដែននេះ ត្រូវបានបំបែកតាមដងទន្លេ Evros ដែលហៅថា Meric ជាភាសាទួរគី។
ក្នុងឆ្នាំ ២០១២ ប្រទេសក្រិច បានសាងសង់របងលួសបន្លាកម្ពស់ ៣ ម៉ែត្រចំនួន ២ នៅតាមបណ្តោយព្រំដែន ១១គីឡូម៉ែត្រជាមួយទួរគី ដែលពីមុនត្រូវបានគេជីកយករ៉ែ។