ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់ថា ប្រទេសរុស្ស៊ីនឹងបន្តផ្គត់ផ្គង់អគ្គិសនីដល់តំបន់ផ្ដាច់ចេញប្រទេសហ្សកហ្ស៊ី គឺ Abkhazia (អាបខាហ្សី) នៅឯកិច្ចប្រជុំមួយជាមួយមេដឹកនាំរបស់តំបន់នេះ គឺលោក Badra Gunba នៅវិមានក្រឹមឡាំង កាលពីថ្ងៃពុធ (ទី៥ មីនា)។
ក្នុងឱកាសនោះ លោក Putin បានអបអរសាទរលោក Gunba ចំពោះការទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីចុងសប្តាហ៍ ដោយពណ៌នាអំពីទំនាក់ទំនងរុស្ស៊ី-អាបខាហ្សីថា ជា «ចំណងទាក់ទងដ៏ពិសេស»។ ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងប៉ុន្មានខែបន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោក Gunba ត្រូវបានបង្ខំឲ្យចុះចេញពីតំណែង ក្រោយមានការតវ៉ា ជុំវិញកិច្ចព្រមព្រៀងវិនិយោគជាមួយរុស្ស៊ី។
គួរបញ្ជាក់ថា ប្រទេសភាគច្រើនទទួលស្គាល់តំបន់ Abkhazia ជាផ្នែកមួយរបស់ប្រទេសហ្សកហ្ស៊ី ដែលបានហៅការបោះឆ្នោតនេះថា ជា «ការរំលោភលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ហ្សកហ្ស៊ី»។
តំបន់ Abkhazia ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានញាំញីដោយវិបត្តិអគ្គិសនី ដោយការដាច់ចរន្តអគ្គិសនីត្រូវបានលើកឡើងថា មកពីការមានកម្រិតទឹកទាបនៅរោងចក្រវារីអគ្គិសនីដ៏សំខាន់ និងដំណើការផលិតកាក់រូបិយប័ណ្ណគ្រីបតូទ្រង់ទ្រាយធំ ដែលត្រូវការថាមពលយ៉ាងច្រើន។
តែយ៉ាងណាក្ដី អំឡុងកិច្ចប្រជុំដែលផ្សាយតាមទូរទស្សន៍ នៅវិមានក្រឹមឡាំង លោក Putin បានយល់ព្រមបន្តការផ្គត់ផ្គង់អគ្គិសនីរបស់រុស្ស៊ីដល់តំបន់ Abkhazia រហូតដល់ពាក់កណ្តាលខែមេសា ដើម្បីជួយឲ្យប្រទេសនេះជម្នះលើកង្វះខាតថាមពលធ្ងន់ធ្ងររបស់ខ្លួន៕