អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមានបំណងបង្កើនធនធាននៅតាមបណ្តោយព្រំដែនភាគខាងត្បូង រួមទាំងបច្ចេកវិទ្យាពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត(AI) ពេលដែលរូបលោកបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ។
លោក Vance អមដំណើរដោយរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth និងប្រធានចារកម្មជាតិសហរដ្ឋអាមេរិកលោក Tulsi Gabbard បានពិនិត្យមើលព្រំដែនពីលើឧទ្ធម្ភាគចក្រយោធា និងធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលឃុំឃាំង ហើយនិងមាននូវជំនួបតុមូលជាមួយក្រុមមន្រ្តីរដ្ឋ Texas ។
លោក Vance និយាយថា ដំណើរទស្សនកិច្ចនេះ បញ្ជាក់យ៉ាងច្បាស់ពីតម្រូវការបញ្ចប់ការសាងសង់កំផែងព្រំដែន ប៉ុន្តែត្រូវរួមបញ្ចូលផងដែរការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីតាមដានទីនោះ ។
លោកបន្តថា ពួកយើងនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីធ្វើឲ្យពួកយើងកាន់តែល្អប្រសើរចំពោះការងារពង្រឹងព្រំដែន ប៉ុន្តែពួកយើងត្រូវប្រាកដផងដែរថា បច្ចេកវិទ្យាមួយនេះ ត្រូវបានដាក់ពង្រាយនៅទូទាំងតំបន់ព្រំដែនភាគខាងត្បូងសហដ្ឋអាមេរិក ។
លោក Vance បានបញ្ជាក់ទៀតថា យោធាសហរដ្ឋអាមេរិកនឹងបន្តផ្តោតសំខាន់ការយកចិត្តទុកដាក់របស់ខ្លួនលើក្រុមមេផ្លោងជួយដូរគ្រឿងញៀនម៉ិកស៊ិក ប៉ុន្តែសហរដ្ឋអាមេរិកគ្មានបំណងឈ្លានពានម៉ិកស៊ិក ជាផ្នែកមួយនៃការប្រយុទ្ធក្រុមជួញដូរគ្រឿងញៀនរបស់ពួកគេនោះឡើយ ៕