បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក UEFA Champions League តោខៀវ Chelsea បានឡើងមកលើគេវិញក្នុងពូល H ក្រោយបំបាក់ក្រុមអ៊ីតាលីសេះបង្កង់ Juventus ៤-០ យប់មិញនៅ Stamford Bridge។ Trevoh Chalobah ដែលបង្ហាញខ្លួនលើកដំបូងនៅ UCL គឺជាអ្នកបើកការនាំមុខមុនឱ្យ Chelsea នៅនាទីទី២៥ មុនពេលខ្សែការពារ Reece James បន្ថែមគ្រាប់នាំមុខនៅវគ្គទី២ នាទីទី៥៥។

Callum Hodson-Odoi ក៏រកបានមួយគ្រាប់ដែរនៅនាទីទី៥៨ មុនពេលដែល Timo Werner រកបានគ្រាប់បង្ហើយនៅនាទីទី៩០+៥។ ក្រុមរបស់លោក Thomas Tuchel មានឱកាសគ្រប់គ្រងបាល់ច្រើនក្នុងការប្រកួត និងឱកាសស៊ុតដល់ទៅ ២១លើកចំគោលដៅ ៨លើក ខណៈ Juventus មានឱកាសតែ ៨លើកចំគោលដៅ ២លើក។ តែ Chelsea ក៏មានក្តីបារម្ភដែរមុនពេលជួបជាមួយ Manchester United ចុងសប្តាហ៍នេះដោយសារកីឡាករ ២នាក់មានរបួស ពោលគឺ N’Golo Kante ត្រូវបានប្តូរចេញក្រោយចប់វគ្គទី ១ ឯ Ben Chilwell ក៏ត្រូវប្តូរចេញនៅវគ្គទី២។

ជ័យជំនះនេះធ្វើឱ្យ Chelsea ឡើងមកលេខ ១ ក្នុងពូលវិញមាន ១២ពិន្ទុខណៈ Juventus ធ្លាក់មកលេខ ២ តែមាន ១២ពិន្ទុដូចគ្នាពោលគឺក្រុមទាំងពីរដឹកដៃគ្នាឡើងវគ្គ ១៦ក្រុមចុងក្រោយទៅហើយ រង់ចាំតែប្រកួតចុងក្រោយដើម្បីសំរេចថាក្រុមណាលេខ ១។ មួយគូទៀតក្នុងពូលនេះ Malmo និង Zenit St. Petersburg បានត្រឹមស្មើគ្នា ១-១។ ចំណែកឯមួយពូលទៀតគឺពូល G បួនក្រុមកំពុងប្រទាញប្រទង់គ្នាក្រោយពេល Lille យកឈ្នះ RB Salzburg ១-០ និង Sevilla យកឈ្នះ Wolfsburg ២-០។ Lille ឡើងមកនាំមុខគេក្នុងពូល G នេះមាន ៨ពិន្ទុទំលាក់ Salzburg ទៅលេខ ២ មាន ៧ពិន្ទុឯ Sevilla ឈរលេខ ៣ មាន ៥ពិន្ទុទំលាក់ Wolfsburg ទៅលេខ ៤ មាន ៥ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ