អ្នកស្រី Rihan Sharab វ័យ ៣៨ឆ្នាំ គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សា បានចាប់ផ្តើមសិប្បកម្មចង្កៀងគោម Ramadan ពីក្រដាសកាតុងជំនួយ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ក្មេងៗ និងកូនៗរបស់គាត់ បើទោះបីជាផ្ទះគ្រួសាររបស់គាត់ ត្រូវបានបំផ្លិចបំផ្លាញ ហើយនិងប្រឈមស្ថានភាពដ៏លំបាកដោយសារសង្រ្គាមក៏ដោយ ។
អ្នកស្រី Sharab និយាយថា ចង្កៀងគោម គឺជាភាពសប្បាយរីករាយសម្រាប់ក្មេងៗ ។ ពេលដែលពិធីបុណ្យ Ramadan មកដល់ ពួកយើងចង់តុបតែង ពួកយើងចង់បានចង្កៀងគោម អ្វីដែលក្មេងៗគិតដល់បំផុត គឺចង្កៀងគោមនេះឯង ។
ដោយគ្មានចង្កៀងគោម Ramadan លក់លើទីផ្សារក្នុងស្រុក អ្នកស្រី Sharab ចាប់ផ្តើមបង្កើតចង្កៀងគោមចម្រុះពណ៌នៅក្នុងសំពត់តង់រស់នៅបណ្តោះអាសន្នរបស់គាត់ ស្ថិតនៅជាប់អគារបាក់បែកផ្ទះគ្រួសាររបស់ពួកគេ ។ កង្វះខាតវត្ថុធាតុដើម និងដាច់ចរន្តអគ្គិសនីញឹកញាប់ បានក្លាយជាការងារលំបាកធំសម្រាប់គាត់ ។
អ្នកស្រី Sharab និយាយថា គាត់ធ្វើការដោយប្រើប្រាស់ថាមពលព្រះអាទិត្យ ។ ពេលមានព្រះអាទិត្យ គាត់អាចធ្វើការបាន ។ ពេលដែលគ្មានព្រះអាទិត្យ គាត់មិនអាចធ្វើការបានទេ ការងាររបស់គាត់ត្រូវឈប់ ។ នេះគឺជារឿងមួយដែលគាត់ពិបាកបំផុត ។
អ្នកស្រីលក់ចង្កៀងគោមក្នុងតម្លៃថោកសមរម្យ ដោយសារឆ្នាំនេះ មានតម្រូវការទាប ។ អ្នកស្រី Sharab បង្ហាញក្តីសង្ឃឹមរបស់គាត់ចំពោះការបញ្ចប់សង្រ្គាមហ្កាហ្សា ដោយអ្នកស្រីនិយាយថា ពួកយើងលែងចង់សុំអ្វីទៀតហើយ ក្រៅពីជីវិតរស់នៅរបស់ពួកយើង ៕