ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជានិងវៀតណាម បានបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។
សម្តេចតេជោ មានប្រសាសន៍ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ង្វៀនហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤វិច្ឆិកា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា៖ នៅក្នុងជំនួបនេះ ជាមួយនឹងការស្វាគមន៍ដល់វត្តមានឯកអគ្គរដ្ឋទូតថ្មីរូបនេះ សម្តេចបានរំលឹកថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម គឺបានបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងអំឡុងពេលនៃកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងពិភពលោក។
ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ឯកឧត្ដម ង្វៀន ហ៊ុយតាំង មានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្ដីរីករាយ ដែលមានកិត្តិយសត្រូវតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងបានគោរពជំរាបជូនសម្តេចនូវការថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានជួយវៀតណាមក្នុងពេលកន្លងមក ក៏ដូចជាថ្មីៗនេះ បានជួយវៀតណាម ក្នុងការផ្គត់ផ្គង់នូវបរិក្ខារពេទ្យក៏ដូចជាវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
ឯកឧត្ដម ក៏បានគោរពវាយតម្លៃខ្ពស់និងសម្ដែងការសាទរដល់ការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ដែលទទួលបានជោគជ័យយ៉ាងធំធេង ។
នៅក្នុងឱកាសនោះ ឯកឧត្តបានគោរពជម្រាបជូនសម្ដេចថា ក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រំទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមឲ្យកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយការទូតសន្តិសុខការពារជាតិពាណិជ្ជកម្មវិស័យសេដ្ឋកិច្ចវិស័យកសិកម្ម ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាវិស័យដទៃទៀត។
ជាចុងបញ្ចប់នៃជំនួប សម្តេច ក៏បានស្នើឲ្យឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីវៀតណាម ជំរុញឲ្យមានការហោះហើរត្រង់រវាងកម្ពុជានិងវៀតណាមឡើងវិញ ក៏ដូចជាជូនពរ ឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា៕
អត្ថបទ មុត សុទ្ធ