ប្រធានាធីបតីអាមេរិក លោក Donald Trump បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ (០៦ មីនា) ថា លោកនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះថាតើត្រូវដកហូតឋានៈស្របច្បាប់បណ្តោះអាសន្នសម្រាប់ជនជាតិអ៊ុយក្រែនប្រហែល ២៤០.០០០នាក់ដែលភៀសខ្លួនចេញពីជម្លោះជាមួយរុស្ស៊ី ឬទេ បន្ទាប់ពីរបាយការណ៍របស់សារព័ត៌មានរ៉យទ័របានលើកឡើងថា រដ្ឋបាលរបស់លោកគ្រោងនឹងចាត់វិធានការមួយនោះ

សកម្មភាពបែបនេះនឹងក្លាយជាវិធានការបញ្ច្រាស់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃការស្វាគមន៍ដែលប្រជាជនអ៊ុយក្រែនទទួលបាន ក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Joe Biden ហើយអាចដាក់ឱ្យពួកគេនៅលើផ្លូវយ៉ាងលឿនក្នុងការនិរទេសជនអន្តោប្រវេសន៍។

លោក Trump បានឆ្លើយនៅពេលត្រូវសាកសួរពីការដកហូតឋានៈស្របច្បាប់របស់ជនជាតិអ៊ុយក្រែន និងការនិរទេសរបស់ពួកគេថា "អាមេរិកមិនចង់ធ្វើឱ្យអ្នកណាឈឺចាប់ទេ ប៉ុន្តែរដ្ឋបាលលោកពិតជាកំពុងថ្លឹងថ្លែងរឿងនោះ ហើយនឹងសម្រេចចិត្តឆាប់ៗ"។

ប្រភពពីមន្រ្តីជាន់ខ្ពស់របស់លោក Trump បានប្រាប់សារព័ត៌មានរ៉យទ័រថា "ផែនការនោះនឹងដកចេញនូវការការពារសម្រាប់ជនជាតិអ៊ុយក្រែន ដែលអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយរបស់រដ្ឋបាលលោក Trump ដើម្បីដកហូតឋានៈស្របច្បាប់ពីជនអន្តោប្រវេសន៍ជាង ១,៨លាននាក់ ដែលត្រូវបានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក ក្រោមកម្មវិធីលើកលែងទោសមនុស្សធម៌បណ្តោះអាសន្ន។
ប្រភពបន្ថែមថា គម្រោងដកហូតឋានៈរបស់ពលរដ្ឋអ៊ុយក្រែននេះអាចកើតឡើងភ្លាមៗនៅខែមេសា ហើយវិធានការមួយនេះបានដំណើរការយូរមកហើយ មុនពេលលោក Trump មានជម្លោះជាសាធារណៈជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីសប្តាហ៍មុនទៅទៀត៕