ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មីនា) ថា កងកម្លាំងរបស់ខ្លួនបានវាយដណ្តើមយកភូមិមួយផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែន ខណៈទាហានទីក្រុងមូស្គូវាយរុលឆ្ពោះទៅភាគខាងលិចឆ្លងកាត់តំបន់ Donetsk អស់រយៈពេលជាង ៣ឆ្នាំ ក្នុងប្រតិបត្តិការយោធាពិសេសលើប្រទេសជិតខាងរបស់ខ្លួនមួយនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងរុស្ស៊ីបាននិយាយថា កងកម្លាំងទីក្រុងមូស្គូ បានដណ្តើមយកភូមិ Andriivka ភាគខាងលិចនៃមជ្ឈមណ្ឌលភស្តុភារនៃទីក្រុង Kurakhove ដែលរុស្ស៊ី និយាយថា ខ្លួនបានកាន់កាប់កាលពីដើមខែមករា។

យោធាអ៊ុយក្រែន មិនបាននិយាយពីភូមិ Andriivka ធ្លាក់ចូលក្នុងដៃរុស្ស៊ីទេ ប៉ុន្តែនៅក្នុងរបាយការណ៍ពេលល្ងាចរបស់ខ្លួន យោធាបានលើកឡើងថា តំបន់តាំងលំនៅនេះជាទីតាំងមួយក្នុងចំណោម៥ ដែលរងការប៉ុនប៉ងវាយប្រហារ ១៧ដង ដោយកងកម្លាំងរុស្ស៊ី ដើម្បីទម្លុះរបាំងការពារអ៊ុយក្រែន ក្នុងជួរមុខ Pokrovsk នៅតំបន់ Donetsk ។

ប្លុកយោធាអ៊ុយក្រែនមិនផ្លូវការ DeepState ដែលរៀបរាប់ពីទីតាំងជួរមុខនៃភាគីទាំងពីរដោយផ្អែកលើប្រភពបើកចំហ បាននិយាយថា ខ្លួនក៏មិនច្បាស់ដែរថាភាគីមួយណាកំពុងគ្រប់គ្រងភូមិ Andriivka។ យោធារុស្ស៊ី បានផ្តោតលើការវាយយកតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែន ដែលបង្កើតឡើងដោយតំបន់ Donetsk និង Luhansk បន្ទាប់ពីបរាជ័យក្នុងប៉ុន្មានសប្តាហ៍ដំបូងកាលខែកុម្ភៈ ឆ្នាំ២០២២ ក្នុងការឆ្ពោះទៅកាន់រដ្ឋធានីគីវ៕