លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦មីនាសប្ដាហ៍នេះថា រុស្ស៊ី នឹងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ដែលការពារសន្តិសុខរយៈពេលវែងរបស់ខ្លួន ហើយនឹងមិនដកថយពីផលប្រយោជន៍ដែលខ្លួនទទួលបាននៅក្នុងជម្លោះនោះទេ។

លោក Putin ក៏បានវាយបកដោយប្រយោលទៅលើប្រធានាធិបតីបារាំងលោក Emmanuel Macronវិញដែរ ដោយបញ្ជាក់ថាក្រុមមេដឹកនាំលោកខាងលិច មិនគួរមើលស្រាលប្រជាជនរុស្ស៊ីឡើយ ហើយគួរតែចងចាំពីជោគវាសនារបស់ណាប៉ូឡេអុង បូណាផាត (Napoleon Bonaparte) ដែលការឈ្លានពានរុស្ស៊ីនៅឆ្នាំ ១៨១២ បានបញ្ចប់ដោយគ្រោះមហន្តរាយ។

មេដឹកកំពូលរុស្ស៊ីរូបនេះ បានប្រាប់ក្រុមស្ត្រីរុស្ស៊ីដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងសង្គ្រាមរយៈពេលបីឆ្នាំនៅអ៊ុយក្រែនថា "យើងត្រូវជ្រើសរើសសម្រាប់ខ្លួនយើងនូវជម្រើសសន្តិភាពដែលសមនឹងយើង ហើយនឹងធានាបាននូវសន្តិភាពសម្រាប់ប្រទេសរបស់យើងក្នុងរយៈពេលវែង" ។

នៅពេលសួរដោយម្តាយរបស់ទាហានម្នាក់ដែលបានបាត់បង់ជីវិត ថាតើរុស្ស៊ីនឹងដកថយឬអត់ លោក Putin បានតបថាលោកពុំមានចេតនាដកថយឡើយ។ បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងត្រឹមតែមួយភាគប្រាំនៃអ៊ុយក្រែន ឬប្រហែល១១៣.០០០គីឡូម៉ែត្រកាក្រឡា។
លោកប្រធានាធិបតីអាមេរិក Donald Trump បានងាកចេញពីគោលនយោបាយលោកខាងលិចលើសង្គ្រាមអ៊ុយក្រែន ដោយបើកកិច្ចចរចាទ្វេភាគីជាមួយទីក្រុងមូស្គូ និងការផ្អាកជំនួយយោធាដល់ទីក្រុង Kyiv បន្ទាប់ពីមានការប៉ះទង្គិចជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅសេតវិមានកាលពីសប្តាហ៍មុន៕