ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មីនា) ថា ការគំរាមកំហែងម្តងហើយម្តងទៀតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រឆាំងនឹងប៉ាឡេស្ទីន បង្កើតបានការគាំទ្រសម្រាប់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា និងបង្កើនការឡោមព័ទ្ធលើប្រជាជនហ្កាហ្សា។

កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Trump ទាមទារឱ្យក្រុមហាម៉ាស "ដោះលែងចំណាប់ថ្នូរទាំងអស់" រួមទាំងសាកសពចំណាប់ថ្នូរដែលបានស្លាប់ បើមិនដូច្នេះទេ "ក្រុមហាម៉ាសមិនរួចខ្លួនឡើយ" ហើយគំរាមតម្រង់ទៅកាន់ "ប្រជាជនហ្កាហ្សា" ថា "អ្នកនឹងស្លាប់" ប្រសិនបើចំណាប់ថ្នូរនៅតែបន្តឃុំខ្លួនក្នុងទឹកដីប៉ាឡេស្ទីននេះ។

ការគំរាមរបស់លោក Trump បានកើតឡើងស្របពេលជាមួយនឹងព័ត៌មានថាប្រេសិតអាមេរិកបានជួបពិភាក្សាដោយសម្ងាត់ជាមួយក្រុមហាម៉ាស ដែលជាការងាកចេញជាក់ស្តែងពីគោលនយោបាយអាយុកាលរាប់ទសវត្សរ៍របស់អាមេរិក នៃការមិនចរចាជាមួយក្រុមហាម៉ាស ដែលអាមេរិកចាត់ទុកថាជាអង្គការជ្រុលនិយម។

អ្នកនាំពាក្យក្រុមប៉ាឡេស្ទីននេះនិយាយថា "ការគំរាមម្តងហើយម្តងទៀតរបស់លោក Trump តំណាងឱ្យការគាំទ្រដល់លោក Netanyahu ដើម្បីគេចវេសចេញពីកិច្ចព្រមព្រៀង និងរឹតបន្តឹងការឡោមព័ទ្ធ និងបន្តសង្រ្គាមអត់ឃ្លាន ប្រឆាំងនឹងប្រជាជនហ្កាហ្សា"។
ដំណាក់កាលទីមួយនៃបទឈប់បាញ់បានបញ្ចប់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ហើយតាំងពីពេលនោះមក អ៊ីស្រាអែលបានបិទផ្លូវទាំងស្រុងលើទំនិញទាំងអស់ដែលចូលក្នុងហ្កាហ្សា ដោយទាមទារឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ដោយមិនចាំបាច់ចរចាបញ្ចប់សង្រ្គាម៕