ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (០៦ មីនា) បានដាក់ការសង្ស័យលើឆន្ទៈការពារសម្ព័ន្ធមិត្តអង្គការណាតូ របស់ទីក្រុងវ៉ាស៊ីនតោន ដោយព្រមានថា លោកនឹងមិនការពារពួកគេឡើយ ប្រសិនបើសមាជិកសម្ព័ន្ធយោធាណាម្នាក់មិនចំណាយគ្រប់គ្រាន់សម្រាប់ការការពារខ្លួន។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី Oval Office ថា "នេះជារឿងធម្មតាទេ ប្រសិនបើពួកគេមិនបង់ប្រាក់ នោះអាមេរិកនឹងមិនការពារពួកគេឡើយ"។

លោក Trump ប្រាប់ថាលោកមានទស្សនៈបែបនេះអស់ជាច្រើនឆ្នាំមកហើយ ហើយក៏បានចែករំលែករឿងនេះជាមួយសម្ព័ន្ធមិត្តណាតូ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូង ២០១៧-២០២១ របស់ខ្លួនផងដែរ ហើយកិច្ចប្រឹងប្រែងទាំងនោះបានជំរុញឱ្យមានការចំណាយកាន់តែច្រើនពីសមាជិកដទៃទៀតនៃសម្ព័ន្ធយោធាឆ្លងអាត្លង់ទិកអាយុកាល ៧៥ឆ្នាំនេះ ប៉ុន្តែ "មកទល់នេះ នៅមិនទាន់គ្រប់គ្រាន់ទេ"។

ឃ្លាជំនួយទៅមក បានស្ថិតនៅចំកណ្តាលនៃសម្ព័ន្ធយោធាណាតូ ដែលត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ជាមួយនឹងបំណងចម្បងក្នុងការទប់ទល់ហានិភ័យនៃការវាយប្រហាររបស់សូវៀត លើទឹកដីសម្ព័ន្ធមិត្ត។
ការព្រមានចុងក្រោយរបស់លោក Trump នេះ អាចបង្កឱ្យមានការប្រកាសអាសន្ននៅក្នុងរដ្ឋធានីនានា ចាប់ពីអឺរ៉ុប ដល់អាស៊ី ដែលមេដឹកនាំកំពុងបារម្ភរួចទៅហើយពីការដកការគាំទ្រផ្នែកសន្តិសុខរបស់អាមេរិក បន្ទាប់ពីលោក Trump បានប៉ះទង្គិចពាក្យសម្ដីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ហើយបានងាកទៅខាងរុស្ស៊ី៕