នាវាចម្បាំងរបស់ចិន បាននិងកំពុងធ្វើនាវាចរណ៍ជុំវិញឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី អស់ពេលជាង ៣សប្តាហ៍ ដោយឆ្លងកាត់ចម្ងាយជាង ៣០០គីឡូម៉ែត្រពីទីក្រុងស៊ីដនី និងធ្វើសមយុទ្ធបាញ់គ្រាប់ពិតមិនធ្លាប់មានពីមុនមក នៅមាត់ទ្វាររបស់ប្រទេសនេះជាមួយនូវែលសេឡង់។

សមយុទ្ធដែលបានកើតឡើងដោយពុំមានការជូនដំណឹងជាផ្លូវការនេះ បានបង្កក្ដីបារម្ភយ៉ាងខ្លាំងក្នុងប្រទេសទាំងពីរដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ វិសាលភាពនៃមហាអំណាចយោធារបស់ប្រទេសចិន លែងស្ថិតនៅក្នុងដែនទឹកឆ្ងាយៗនៅសមុទ្រចិនខាងត្បូង ឬច្រកសមុទ្រតៃវ៉ាន់ដូចពីមុនទៀតហើយ ហើយបានពង្រីកកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ នាវាចម្បាំងចិនក៏ត្រូវបានគេប្រទះឃើញនៅជិតវៀតណាម និងកោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃការបង្ហាញកម្លាំងទ័ពជើងទឹករបស់ទីក្រុងប៉េកាំងក្នុងតំបន់ប៉ាស៊ីហ្វិក ជាជំហានមួយដែលធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកមិនស្រួលចិត្ត។ ប្រទេសចិន ទទូចថា ខ្លួនបានអនុវត្តតាមច្បាប់អន្តរជាតិលើសកម្មភាពនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានណែនាំថា ប្រទេសលោកខាងលិចគួរតែស៊ាំនឹងវត្តមាននាវាចម្បាំងរបស់ចិន នៅក្នុងដែនទឹកក្បែរនោះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំអូស្ត្រាលី លោក Xiao Qian បានអះអាងថា ចិនមិនបានគំរាមកំហែងដល់អូស្ត្រាលីឡើយ ខណៈកំពុងបង្ហាញសញ្ញាថា ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងបន្ថែមទៀតគួរតែត្រូវបានរំពឹងទុក៕