មន្ត្រីអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីបានជួបពិភាក្សាជាមួយប្រទេសប្រហែល២០ ដែលចាប់អារម្មណ៍ក្នុងការគាំទ្រដល់អ៊ុយក្រែនក្នុងអំឡុងពេលបទឈប់បាញ់។ មន្ត្រីរូបនេះបាននិយាយបន្ថែមថា កិច្ចប្រជុំនេះរួមមាន «ភាគច្រើជាដៃគូអឺរ៉ុប និងបណ្តារដ្ឋសហធន» ប៉ុន្តែពុំបានបញ្ជាក់ថាតើប្រទេសណាខ្លះ ចូលរួមនោះទេ។

លោកនិយាយថា ការពិភាក្សាអំពីរបៀបដែលប្រទេសនានា អាចរួមចំណែកនៅតែស្ថិតក្នុង «ដំណាក់កាលដំបូង»។ ស្ថានភាពទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម «ដំណើរការដោយរលូន»។ «ជាការពិតណាស់ យើងស្វាគមន៍ការកើនឡើងការចូលរួមដែលយើងកំពុងទទួលបានពីដៃគូអឺរ៉ុប និងបណ្តាប្រទេសសហធន»។

អង់គ្លេស និងបារាំង កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតក្រុមប្រទេសដែលត្រៀមជួយការពារបទឈប់បាញ់ក្នុងករណីដែលកិច្ចព្រមព្រៀងត្រូវបានឈានដល់ដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីធានាបានថាបទឈប់បាញ់ដែលអាចកើតមាន ត្រូវបានថែរក្សា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
ប្រទេសទួរគី បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនអាចមានតួក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ខណៈ នាយករដ្ឋមន្រ្តីអៀរឡង់ លោក Micheal Martin និយាយថា កងទ័ពអៀរឡង់ អាចចូលរួមក្នុងការរក្សាសន្តិភាព ប៉ុន្តែនឹងមិនត្រូវបានដាក់ពង្រាយនៅក្នុង «កម្លាំងប្រឆាំង» ណាមួយឡើយ។