កងកម្លាំងសន្តិសុខស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា បានបញ្ជូនកម្លាំងយោធាទៅកាន់ទីក្រុង Latakia នៅឆ្នេរសមុទ្រប្រទេសស៊ីរី បន្ទាប់ពីក្រុមអ្នកប្រយុទ្ធដែលមានទំនាក់ទំនងជាមួយមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោក Bashar al-Assad បានវាយប្រហារយ៉ាងបង្ហូរឈាមទៅលើកងកម្លាំងរដ្ឋាភិបាល។

សមាជិកមកពីកងកម្លាំងសន្តិសុខស៊ីរី បានសាទរ ខណៈកំពុងត្រៀមខ្លួនទៅកាន់ទីក្រុង Latakia។
លោក Abu Daher សមាជិកម្នាក់ក្នុងចំណោមសមាជិកតាំងអស់ បាននិយាយថា ពួកគេ «កំពុងធ្វើដំណើរទៅកាន់តំបន់ឆ្នេរ ដើម្បីកម្ចាត់អ្វីនៅសេសសល់របស់លោក al-Assad ។

ទូរទស្សន៍ស៊ីរី បានរាយការណ៍ថា នៅកន្លែងផ្សេងទៀតសមាជិកនៃកងកម្លាំងសន្តិសុខយ៉ាងហោចណាស់១៣នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងតំបន់ឆ្នេរ Jableh។
ប្រធានសន្តិសុខក្នុងតំបន់ និយាយថា សមាជិកជាច្រើននៃកងកម្លាំងសន្តិសុខ ត្រូវបានសម្លាប់ និងរងរបួស ជាអ្វីដែលលោកបានពិពណ៌នាថា ជាការវាយប្រហារដែលបានគ្រោងទុកយ៉ាងល្អធ្វើឡើងដោយ «អ្នកនៅសេសសល់នៃកងជីវពលរបស់លោក Assad»។
វាត្រូវបានគេកត់សម្គាល់ថា មានការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សាប្រឆាំងរដ្ឋាភិបាល ចាប់តាំងពីក្រុមបះបោរអ៊ីស្លាមនិយមដឹកនាំដោយក្រុម Hayat Tahrir al-Sham របស់លោក Sharaa ដែលបានផ្តួលរំលំលោក Assad និងបានដណ្តើមអំណាច។