បាល់ទាត់៖ ក្រុមបាល់ទាត់ Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាក្រុមឈ្នះពាន AFC Champions League ច្រើនលើកជាងគេសរុប ៤លើកក្រោយយកឈ្នះក្រុមកូរ៉េ Pohang Steelers នៅវគ្គផ្តាច់ព្រ័ត្រ ២-០។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅកីឡដ្ឋាន King Fahd International Stadium នៅទីក្រុងរីយ៉ាតប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រុមម្ចាស់ផ្ទះចាប់ផ្តើមបានយ៉ាងល្អនៅពេលចាប់ផ្តើមបានតែ ១៧វិនាទីកីឡាករ Nasser Al Dawsari ស៊ុតបញ្ចូលទីពីចំងាយយ៉ាងអស្ចារ្យនាំមុខ ១-០ លើ Pohang Steelers។

នេះជាគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ AFC Champions League វគ្គផ្តាច់ព្រ័ត្រ។ ក្រុមកូរ៉េ Pohang Steelers ដែលស្វែងរកពានលើកទី៤ ជាកំណត់ត្រាដែរនោះស្ទើតែតាមស្មើបានសំរេចទៅហើយនៅនាទីទី១២ តែ Sin Jin-ho ស៊ុតវ៉ូឡេបុករបាទី ខណៈឱកាសរបស់ Lim Sang-hyub ត្រូវបានសង្គ្រោះបានដោយអ្នកចាំទី Al Hilal, Abdullah Al Mayouf ទៀត។ រកគ្រាប់តាមស្មើមិនបាន ឈានចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះក៏រកបានគ្រាប់ធានាជ័យជំនះនៅនាទីទី៦៣ ដោយ Moussa Marega។ គ្មានអ្វីតបតរវិញឡើយសំរាប់ Pohang Steelers ខណៈក្រុមរបស់លោក Leonardo Jardim ក្លាយជាជើងឯក AFC Champions League ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្របន្ទាប់ពីឈ្នះលើកដំបូងនៅឆ្នាំ១៩៩១, ២០០០, ២០១៩ និងចុងក្រោយ ២០២១ នេះ៕
អត្ថបទ៖នាង សុភាវុធ