ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា តុលាការកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (០៧ មីនា) នេះ បានលុបចោលដីកាចាប់ខ្លួនរបស់លោកប្រធានាធិបតី Yoon Suk Yeol ដោយបើកផ្លូវឱ្យមានការដោះលែងលោកពីពន្ធនាគារ បន្ទាប់ពីត្រូវបានជាប់ឃុំខ្លួនកាលពីពាក់កណ្តាលខែមករា ពីបទបះបោរ ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

អ្នកនាំពាក្យតុលាការកណ្តាលក្រុងសេអ៊ូល មិនទាន់ធ្វើអត្ថាធិប្បាយរឿងនេះទេ។ ទូរទស្សន៍ YTN បនារាយការណ៍ថា ទីប្រឹក្សាច្បាប់របស់លោក Yoon បាននិយាយបន្ទាប់ពីដំណឹងនេះថា "នីតិរដ្ឋរបស់កូរ៉េខាងត្បូង នៅមានជីវិតនៅឡើយ"។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លោក Yoon រំពឹងថានឹងត្រូវបានដោះលែងភ្លាមៗ ហើយចូលរួមក្នុងការកាត់ក្តីរបស់លោកនៅពេលចេញពីការឃុំខ្លួន។ ក្រុមមេធាវីរបស់លោក Yoon បានអះអាងជាយូរមកហើយថា ដីកាចេញកាលពីថ្ងៃទី១៩ ខែមករា ដែលធ្វើឱ្យលោកស្ថិតនៅក្នុងការឃុំឃាំងនោះ មិនមានសុពលភាពទេ ពីព្រោះសំណើដែលដាក់ដោយរដ្ឋអាជ្ញាមិនត្រឹមត្រូវតាមនីតិវិធី។

គួរបញ្ជាក់ថា លោក Yoon ប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌដាច់ដោយឡែកមួយផ្សេងទៀត ហើយបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងកំពុងកាន់តំណែងដំបូងគេ ដែលត្រូវបានចាប់ខ្លួនពីបទព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមករា ជុំវិញច្បាប់អាជ្ញាសឹករយៈពេលខ្លីដ៏ចម្រូងចម្រាស៕