ប្រជាជនកូរ៉េខាងត្បូង ជាច្រើនបានចេញធ្វើបាតុកម្មនៅថ្ងៃសុក្រ (០៧ មីនា) នេះ ដោយទាមទារឱ្យបញ្ឈប់ការធ្វើសមយុទ្ធយោធា រយៈពេលមួយថ្ងៃបន្ទាប់ពីយន្តហោះចម្បាំងបានច្រឡំទម្លាក់គ្រាប់បែកទៅលើតំបន់ជនស៊ីវិល បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។

សកម្មជន និងអ្នកស្រុកជាច្រើននាក់មកពីទីប្រជុំជនស៊ីវិលមួយក្នុងទីក្រុង Pocheon ដែលនៅជិតព្រំដែនជាមួយប្រទេសកូរ៉េខាងជើង បាននិយាយថា សមយុទ្ធនេះបានគំរាមកំហែងដល់អាយុជីវិត និងសន្តិភាពរបស់ប្រជាជនរស់នៅទីនោះ។ បាតុករម្នាក់និយាយថា "ពលរដ្ឋ Pocheon កំពុងចោទសួរលើមូលដ្ឋានសមយុទ្ធយោធាដែលកំពុងបន្តទាំងនេះ" ដោយបន្ថែមថា ពួកគេមិនច្បាស់សោះថា តើសមយុទ្ធនេះផ្តល់សន្តិសុខសម្រាប់អ្នកណា ឬក៏មានបំណងផ្សេង។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃសុក្រនេះថា ជនស៊ីវិល ១៥នាក់ និងទាហាន ១៤នាក់បានរងរបួស បន្ទាប់ពីយន្តហោះចម្បាំងកូរ៉េខាងត្បូង ២គ្រឿង បានច្រឡំទម្លាក់គ្រាប់បែកពីលើអាកាសចំនួន ៨គ្រាប់ ទៅលើទីប្រជុំជនមួយក្នុងទីក្រុង Pocheon ដែលស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងសេអ៊ូល។

អាជ្ញាធរបានផ្អាកសមយុទ្ធបាញ់គ្រាប់ពិតនោះរហូតដល់រកឃើញមូលហេតុច្បាស់លើរឿងនេះ ប៉ុន្តែយោធានិយាយថា ឧបទ្ទវហេតុនេះនឹងមិនប៉ះពាល់ដល់សមយុទ្ធយោធារួមគ្នាដ៏ធំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយនេះនោះទេ៕