ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា កូរ៉េខាងជើងនៅថ្ងៃសុក្រ (០៧ មីនា) នេះ បានរិះគន់ខ្លាំងៗលើសមយុទ្ធយោធាប្រចាំឆ្នាំដែលគ្រោងធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយនិយាយថា សកម្មភាពយោធានោះនឹងធ្វើឱ្យស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែតានតឹងខ្លាំង និងអាក្រក់ទៅៗមិនអាចស្រោចស្រង់បាន។

សមយុទ្ធយោធាប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហៅថា ខែលសេរីភាព (Freedom Shield) របស់សម្ព័ន្ធមិត្តទាំងពីរនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ហើយនឹងបន្តដំណើរការរហូតដល់ថ្ងៃទី២០ ខែមីនា ក្នុងគោលបំណងពង្រឹងការត្រៀមខ្លួនសម្រាប់ការគំរាមកំហែងទល់នឹងកូរ៉េខាងជើង នេះបើតាមការលើកឡើងរបស់អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS)។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា សមយុទ្ធនេះនឹង "ធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនខ្លាំងឡើងនៅក្នុងឧបទ្វីបកូរ៉េ"។

KCNA បានបន្តថា "ទីក្រុងព្យុងយ៉ាងបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា ប្រសិនបើសហរដ្ឋអាមេរិក បន្តបាតុកម្មយោធារបស់ខ្លួន នោះកូរ៉េខាងជើងនឹងគ្មានជម្រើសអ្វីក្រៅពីបន្តការទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួនទៀតនោះឡើយ" ដោយមិនបានបញ្ជាក់លម្អិតទេថាតើធ្វើការទប់ស្កាត់នោះដោយមធ្យោបាយណា៕