ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ (០៦ មីនា) បានបណ្តាលឱ្យមានទឹកជំនន់ដែលហូរនាំរថយន្ត និងបង្កការខូចខាតមួយចំនួន ខណៈអាជ្ញាធរក្នុងតំបន់បានជម្លៀសសាលារៀន និងបិទផ្លូវនានានៅភាគខាងកើតអេស្ប៉ាញ រយៈពេលបួនខែបន្ទាប់ពីទឹកជំនន់យ៉ាងគំហុកនៅទីក្រុង Valencia បានសម្លាប់មនុស្សជាង ២២០នាក់។

ទីភ្នាក់ងារអាកាសធាតុរដ្ឋ Aemet បានចេញការជូនដំណឹងពណ៌លឿងទុំ សម្រាប់ផ្នែកខ្លះនៃតំបន់ Murcia, Valencia និង Catalonia នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសនេះ ខណៈក្រុមមន្ត្រីបានប្រាប់ប្រជាជនកុំឱ្យចេញទៅក្រៅ។

ប្រជាជនអេស្ប៉ាញនៅតែមានការភ័យខ្លាច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីឆ្នាំមុន បានធ្វើឱ្យអាជ្ញាធរភ្ញាក់ផ្អើល និងបណ្តាលឱ្យមានគ្រោះមហន្តរាយធម្មជាតិដ៏កាចសាហាវបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈប្រជាជនស្តីបន្ទោសមន្ត្រីក្នុងស្រុក និងរដ្ឋាភិបាល ចំពោះការព្រមានយឺតយ៉ាវអំពីគ្រោះថ្នាក់។

លោក Fernando Lopez Miras ប្រធានតំបន់ Murcia នៅភាគអាគ្នេយ៍អេស្ប៉ាញ បាននិយាយថា មិនមានអ្នកស្លាប់និងរបួសទេកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែប្រភពបានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់នៅពេលត្រូវទឹកហូរនាំទៅក្នុងជ្រោះកាលពីដើមសប្តាហ៍នេះ៕