ជម្លោះជុំចុងក្រោយបំផុតនៃវិបត្តិប៉ាឡេស្ទីន និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យផ្ទះសម្បែងខូចខាត និងបានបន្សល់ទុកនូវគំនរសំរាមគរដូចភ្នំនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយបង្កហានិភ័យកាន់តែខ្លាំងឡើងនៃវិបត្តិដ៏មហន្តរាយជិតមកដល់លើបរិស្ថាន និងសុខភាពប្រជាជនហ្កាហ្សា។

យោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP បានឱ្យដឹងថា ដែនដីហ្កាហ្សាបានជួបបញ្ហាគ្រប់គ្រងកាកសំណល់យូរមកហើយ សូម្បីតែមុនពេលមានជម្លោះក៏ដោយ ដែលនេះបានបង្កើតកាកសំណល់ចំនួន ១.៧០០តោនជារៀងរាល់ថ្ងៃ ជាមួយនឹងកន្លែងចាក់សំរាមសំខាន់ៗចំនួនពីរមិនអាចទប់ទល់បាន។

បន្ទាប់ពីការប្រយុទ្ធគ្នាជាង ១៥ខែ បញ្ហានៃការគ្រប់គ្រងសំណល់រឹងបានក្លាយជាតម្រូវការបន្ទាន់នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។ ផ្សារ Firas ដែលមានទីតាំងនៅកណ្តាលទីក្រុងហ្កាហ្សា ធ្លាប់ជាផ្សារបើកចំហដ៏ធំបំផុតមួយរបស់តំបន់នេះ ប៉ុន្តែបច្ចុប្បន្ន ផ្សារនេះស្ថិតនៅក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងបានប្រែក្លាយទៅជាកន្លែងចាក់សំរាមដ៏ធំ។

គំនរសំរាមដែលមិនអាចប្រមូលបាន និងមានក្លិនស្អុយយ៉ាងអាក្រក់នោះ បានបង្ខំឱ្យអ្នកដំណើរឆ្លងកាត់បិទច្រមុះរបស់ពួកគេ និងរក្សាចម្ងាយ ខណៈសត្វល្អិតចម្លងមេរោគដែលបង្កាត់ពូជនៅក្នុងភាពកខ្វក់បែបនេះ បានបង្កឱ្យមានការភ័យខ្លាចនៃការផ្ទុះឡើងនៃជំងឺក្នុងចំណោមអ្នកស្រុក ដែលកំពុងរងទុក្ខវេទនាក្នុងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ៕