ក្នុងឱកាសខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រកាសប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិស្ត្រី និងការពារសិទ្ធិស្ត្រីតាមផ្លូវច្បាប់ និងអំពាវនាវស្ត្រី ដែលខ្វះលទ្ធភាពការពារសិទ្ធិតាមផ្លូវច្បាប់នានា ត្រូវទំនាក់ទំនងមក ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជួយដោះស្រាយនៅពេលរងអំពើអយុត្តិធម៌ និងការរំលោភបំពាននានា។
លោកស្រី លឹម ម៉ូលីហ្សា អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែមីនានេះថា ក្នុងឆ្នាំ២០២៤ ក្រុមមេធាវីសម្តេចតេជោសែន បានធ្វើការងារជាច្រើនលើកិច្ចផ្តល់សេវាយុត្តិធម៌ ការពិគ្រោះ ប្រឹក្សាយោបល់ផ្នែកច្បាប់ និងការពារក្តី ជូនស្ត្រីជនងាយរងគ្រោះ ខ្វះលទ្ធភាពការពារសិទ្ធិតាមផ្លូវច្បាប់បានជាច្រើនករណី ជាពិសេសការពារស្ត្រីត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងការការពារក្តីដល់កុមារីកំពា្រ នៅអង្គការAFESIP Cambodia ដែលរងគ្រោះដោយការរំលោភបំពារបំពានជាច្រើនករណី។
ដោយមើលករណីនេះនៅតែបន្តមាននៅក្នុងសង្គមកម្ពុជា លោក លឹម ម៉ូលីហ្សា ក្នុងនាមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទទួលបន្ទុកខេត្តកណ្តាល និងកំពង់ស្ពឺ បានប្រកាសលើកទឹកចិត្ត និងជំរុញផ្តល់ភាពងាយស្រួលជូនដល់ស្ត្រីដែលជាជនងាយរងរំលោភបំពានសិទ្ធិ គឺអាចស្វែងរកក្រុមមេធាវីយើងជួយផ្តល់ប្រឹក្សា និងការពារក្តីមិនគិតប្រាក់កម្រៃ តាមរយៈបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលមានដាក់លេខទូរសព្ទHotline ៣ខ្សែ សម្រាប់ភ្ជាប់ការទំនាក់ទំនង។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានសម្រេចទិសដៅ ផ្តល់សេវាកម្មពិគ្រោះ និងប្រឹក្សាយោបល់ផ្នែកច្បាប់បានចំនួន២១៥៧ករណី ការពារក្តីបាន៦៤ករណី សម្របសម្រួលបញ្ចប់វិវាទសំណងរដ្ឋប្បវេណីបាន៦ករណី ការពារស្ត្រីរងគ្រោះជាប់ឃុំដោយអយុត្តិធម៌បាន២ ករណី និងជួយការពារក្តីការពារក្មេងស្រី នៅអង្គការ AFESIP Cambodia បានជាច្រើនករណីទៀត ។
បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនមានមេធាវីរងចាំផ្តល់សេវាពិគ្រោះ ប្រឹក្សាយោបល់ផ្នែកច្បាប់ និងការពារក្តីជូនជនងាយរងគ្រោះដោយអំពើអយុត្តិធម៌ មានចំនួន១២៩នាក់ ក្នងនោះនារី ៤០រូប និងមានដាក់ពង្រាយ នៅតាមរាជធានីខេត្តទូទាំងប្រទេស៕ អត្ថបទ ស៊ុម សុខជា






