អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC)កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញសហគមន៍អន្តរជាតិ ឲ្យទទួលខុសត្រូវចំពោះការបញ្ឈប់ការរំលោភបំពានរបស់អ៊ីស្រាអែល ដែលកំពុងបន្តប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

លោក Jasem Mohamed Albudaiwi បាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរួមគ្នាមួយ រវាង GCC និងអេហ្ស៊ីប ដែលធ្វើឡើងនៅទីក្រុង Makkahនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា៖«ការកើនឡើងភាពតានតឹងគួរឲ្យព្រួយបារម្ភ និងការរំលោភបន្តដែលប្រជាជនប៉ាឡេស្ទីនកំពុងប្រឈម គឺជាការគំរាមកំហែងយ៉ាងច្បាស់ ចំពោះអត្តសញ្ញាណ និងសិទ្ធិរបស់ពួកគេ ដែលយើងបដិសេធទាំងស្រុង។

«យើងជំរុញសហគមន៍អន្តរជាតិឲ្យទទួលខុសត្រូវចំពោះការបញ្ឈប់ការអនុវត្តទាំងនេះ ដែលបំផ្លាញសន្តិសុខ និងស្ថិរភាព»។
លោក Albudaiwi បានថ្លែងអំណរគុណដល់ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ដែល ហ្វាតា អែលស៊ីស៊ី ( Abdel Fattah El-Sisi) ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអារ៉ាប់វិសាមញ្ញស្តីពីប៉ាឡេស្ទីន ដែលបានធ្វើឡើង នៅទីក្រុងគែរ កាលពីថ្ងៃអង្គារ។
ក្រុមមេដឹកនាំអារ៉ាប់ បានអនុម័តផែនការកសាងឡើងវិញរបស់អេហ្ស៊ីបសម្រាប់តំបន់ហ្កាហ្សា ដែលនឹងត្រូវចំណាយអស់ ៥៣ ពាន់លានដុល្លារ និងចៀសវាងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីដែនដីនេះ ដែលផ្ទុយទៅនឹងទស្សនៈវិស័យ «បង្កើតតំបន់ទេសចរណ៍ឆ្នេរសមុទ្រមជ្ឈិមបូព៌ា(Middle East Riviera)» របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលនាំឲ្យបានការថ្កោលទោសជាសកល។