អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបទាក់ទងនឹងផែនការយោធារបស់ខ្លួនថា បណ្តាប្រទេសអ៊ឺរ៉ុប នឹងមិនជោគជ័យក្នុងការប្រណាំងប្រជែងសព្វាវុធប្រឆាំងនឹងរុស្ស៊ីទេ ពីព្រោះទីក្រុងមូស្គូ មិនមានចេតនាចូលរួមទេ ដោយជ្រើសរើសជំនួសមកវិញ គឺផ្តោតលើការការពារផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកPeskov បាននិយាយថា៖«ពួកគេនឹងមិនឈ្នះយើងទេ! ពីព្រោះយើងនឹងមិនចូលរួមជាមួយពួកគេ» ។ លោកបានបន្ថែមថា៖«យើងនឹងផ្តោតលើបញ្ហាផ្ទាល់ខ្លួនរបស់យើង និងធានានូវផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង»។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅមុនកិច្ចប្រជុំកំពូលរបស់ EU បាននិយាយថា អឺរ៉ុបគួរតែចូលរួមក្នុងការប្រណាំងប្រជែងសព្វាវុធជាមួយរុស្ស៊ី ដោយអះអាងថា សហគមន៍នេះ មើលឃើញឧត្តមភាពយោធារបស់ទីក្រុងមូស្គូថា ជាបញ្ហាប្រឈមដោយផ្ទាល់។ ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ប្រកាសអំពីផែនការស្តារកម្លាំងឡើងវិញរបស់សហភាពអឺរ៉ុប ដែលរួមមានគំនិតផ្តួចផ្តើមរៀបចំប្រមូលអាវុធឡើងវិញដែលមានតម្លៃ៨០០ ពាន់លានអឺរ៉ូ។ ក្នុងចំណោមសម្ភារៈផ្សេងទៀត ការផ្តល់មូលនិធិនេះ នឹងត្រូវបែងចែកសម្រាប់ការទិញអាវុធសម្រាប់អ៊ុយក្រែនផងដែរ។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក៏បានលើកឡើងពីបញ្ហាយោធា នៅក្នុងសុន្ទរកថាទៅកាន់សាធារណជនបារាំង ដោយចាត់ទុកប្រទេសរុស្ស៊ីខ្លាំងថា ជាការគំរាមកំហែងដល់ទាំងប្រទេសបារាំង និងទ្វីបទាំងមូល។ លោកបានបញ្ជាក់ពីការកើនឡើងនៃការចំណាយយោធា និងការពង្រីកអាវុធនុយក្លេអ៊ែររបស់បារាំង នៅទូទាំងសហភាពអឺរ៉ុប ជាវិធានការចាំបាច់ ដើម្បីដោះស្រាយការគំរាមកំហែងដែលត្រូវបានចោទប្រកាន់នេះ។