របាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីសង្គ្រាមស៊ីវិលនៅស៊ូដង់ ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញភ័ស្តុតាងដ៏គួរឲ្យព្រួយបារម្ភនៃការឃុំខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការប្រព្រឹត្តមិនត្រឹមត្រូវផ្សេងទៀត ចំពោះអ្នកជាប់ឃុំនៅ ក្នុងរដ្ឋខាទុំ ដោយភាគីទាំងពីរ។
ការរកឃើញនេះ បានគូសបញ្ជាក់ពីគំរូដ៏ទូលំទូលាយនៃការរំលោភបំពាន ដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងក្រុមយោធាប៉ារ៉ាគូប្រជែង ដែលជាកងកម្លាំងគាំទ្ររហ័ស (RSF)នៅក្នុងតំបន់ជម្លោះ ទូទាំងប្រទេសនេះ។
ចាប់តាំងពីការប្រយុទ្ធគ្នា បានចាប់ផ្តើមជិតពីរឆ្នាំមុន មនុស្សរាប់ម៉ឺននាក់ ក្នុងនោះមានស្ត្រី និងកុមារ ត្រូវបានឃុំខ្លួន ដោយគ្មានការកាត់ទោស។ មនុស្សជាច្រើនប្រឈមមុខនឹងការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើការប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសាររបស់ពួកគេ ហើយត្រូវបានឃុំខ្លួន ក្នុងស្ថានភាពចង្អៀតណែន គ្មានអនាម័យ ដែលបំពានលើស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។
របាយការណ៍ ដែលគ្របដណ្តប់រយៈពេលចាប់ពីការចាប់ផ្តើមនៃសង្រ្គាម ក្នុងខែមេសា ឆ្នាំ ២០២៣ រហូតដល់ខែមិថុនា ឆ្នាំ ២០២៤ គឺផ្អែកលើសក្ខីកម្មពីអតីតអ្នកជាប់ឃុំចំនួន ៣៤នាក់ សមាជិកគ្រួសាររបស់ពួកគេ និងសាក្សី។ ដំណើររឿងទាំងអស់ បង្ហាញពីការធ្វើទារុណកម្មយ៉ាងទូលំទូលាយ រួមទាំងការវាយដំញឹកញាប់ និងស្ថានភាពគួរឲ្យព្រួយបារម្ភ រួមទាំងកន្លែងឃុំឃាំងចង្អៀតណែន ការផ្តល់អាហារនិងទឹកមិនគ្រប់គ្រាន់ និងការខ្វះខាតការថែទាំសុខភាព។ អ្នកជាប់ឃុំជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង ដោយសារតែការមិនយកចិត្តទុកដាក់។