ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ បានដកអង្គភាពស៊ីរីចំនួន ២៤ ចេញពីបញ្ជីទណ្ឌកម្មរបស់ខ្លួន ហើយមិនបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ក្នុងនោះមានធនាគារកណ្តាលស៊ីរី ធនាគារផ្សេងទៀត និងក្រុមហ៊ុនប្រេង។
លោកខាងលិច កំពុងគិតឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួន ចំពោះប្រទេសស៊ីរី បន្ទាប់ពីកងកម្លាំងបះបោរដឹកនាំដោយក្រុមឥស្លាមនិយម Hayat Tahrir Al-Sham បានបណ្តេញលោក បាសា អាល់អាសាដ (Bashar Assad) ចេញពីតំណែង ជាប្រធានាធិបតី កាលពីខែធ្នូ។ កាលពីខែមុន ប្រទេសសហភាពអឺរ៉ុបមួយចំនួន បានផ្អាកទណ្ឌកម្មជាច្រើន ប្រឆាំងនឹងស៊ីរី។
ការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការដកទណ្ឌកម្មនេះទេ ហើយក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយដែរ។ មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលស៊ីរី មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។


