មន្ត្រីអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានព្រមានអំពីបញ្ហាប្រឈមដែលកំពុងកើនឡើង នៅក្នុងប្រទេសយេម៉ែន ចំពេលមានការកាត់បន្ថយការផ្តល់ជំនួយយ៉ាងច្រើន និងការកើនឡើងហានិភ័យនៃជម្លោះជាថ្មី ដោយបញ្ជាក់ថា ស្ត្រី និងក្មេងស្រីយេម៉ែន កំពុងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង។
លោក Tom Fletcher អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ បានបង្ហាញរូបភាពដ៏ក្រៀមក្រំនៃស្ថានភាពមនុស្សធម៌ ក្នុងប្រទេសយេម៉ែន ដោយសង្កត់ធ្ងន់លើផលប៉ះពាល់ដ៏អាក្រក់ ជាពិសេសលើស្ត្រី និងកុមារី។
លោកបាននិយាយថា ទាំងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងឧបសគ្គកាន់តែច្រើនឡើងលើការងារមនុស្សធម៌ គឺកាន់តែ អាក្រក់ឡើងៗ ដោយបានបន្ថែមថា «ឥឡូវនេះ ការកាត់បន្ថយថវិកាយ៉ាងច្រើន គឺបង្កផលប៉ះពាល់ដល់ការងាររបស់យើង ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។
លោកបន្តថា៖«វជាការពិតណាស់ នេះ គឺសម្រាប់ប្រទេសនីមួយៗក្នុងការសម្រេចចិត្តពីរបៀបចំណាយប្រាក់របស់ពួកគេ។ ប៉ុន្តែ ស្ថានភាពនេះ គឺជាល្បឿនដែលការងារសំខាន់ជាច្រើន ត្រូវបានបិទ ដែលបន្ថែមទៅលើស្ថានភាពដ៏ធ្ងន់ធ្ងរ ដែលយើងកំពុងជួបប្រទះ»។
លោក Fletcher បានប្រាប់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីពិភាក្សាអំពីការវិវឌ្ឍ នៅក្នុងប្រទេសយេម៉ែនថា ស្ត្រី និងក្មេងស្រីជាង ៩, ៦ លាននាក់ កំពុងត្រូវការជំនួយសង្គ្រោះជីវិតដោយអស់សង្ឃឹម ដោយប្រឈមនឹងភាពស្រេកឃ្លានយ៉ាងខ្លាំង អំពើហិង្សា និងប្រព័ន្ធថែទាំសុខភាព ដែលកំពុងដួលរលំ។
វិបត្តិមនុស្សធម៌ ត្រូវបានផ្សំឡើងដោយអត្រាមរណភាពមាតារបស់យេម៉ែន ដែលជាកម្រិតខ្ពស់បំផុតនៅមជ្ឈិមបូព៌ា។ លោក Fletcher បាននិយាយថា ដោយមានស្ត្រីមានផ្ទៃពោះ ១,៣ លាននាក់ និងម្តាយដែលទើបសម្រាលកូនរួច កំពុងទទួលរងការប៉ះពាល់ពីកង្វះអាហារូបត្ថម្ភ ហើយអនាគតរបស់កុមារតូចៗ គឺមានហានិភ័យធ្ងន់ធ្ងរ។