ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា) បានប្រតិកម្មតបទៅប្រទេសរុស្ស៊ីវិញ បន្ទាប់ពីវិមានក្រឹមឡាំងបានព្រមានលោកកុំឲ្យគំរាមកំហែងវាដោយវោហាសាស្ត្រនុយក្លេអ៊ែរ និងបានប្រៀបធៀបលោកទៅនឹងការដណ្តើមយករុស្ស៊ីមិនបានសម្រេចរបស់អធិរាជណាប៉ូឡេអុង។
នៅក្នុងសុន្ទរកថាប្រកបដោយសម្ដីម៉ឺងម៉ាត់ កាលពីថ្ងៃទី៥ ខែមីនា លោក Macron បានព្រមានប្រជាជាតិបារាំងថា រុស្ស៊ីកំពុងបង្កើនកម្លាំងយោធាឡើងវិញយ៉ាងឆាប់រហ័យ បន្ទាប់ពីបានចូលលុកលុយអ៊ុយក្រែន ហើយអាចវាយប្រហារប្រទេសជាច្រើនទៀត ប្រសិនបើមិនត្រូវបានរារាំងយ៉ាងខ្លាំងក្លានោះទេ ក្នុងនោះរួមទាំងការប្រើប្រាស់ឆ័ត្រការពារនុយក្លេអ៊ែររបស់បារាំងផងដែរ។
នៅឯកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) ក្នុងទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក លោក Macron បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំស្គាល់លោកប្រធានាធិបតីរុស្ស៊ី President Putin យ៉ាងច្បាស់។ ប្រសិនបើលោកមានប្រតិកម្មបែបនោះ វាគឺដោយសារតែលោកដឹងថា អ្វីដែលខ្ញុំនិយាយ គឺជាការពិត»។
ដោយឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានរុស្ស៊ីនិរទេសខ្លួន នៅប្រទេសបារាំង លោកបានប្រាប់ថា៖ «គាត់(លោក Putin) កំពុងបង្កើតកំហុសជាប្រវត្តិសាស្ត្រ នោះគឺថា ណាប៉ូឡេអុង បានច្បាំងដណ្ដើមទឹកដី។ ហើយអំណាចចក្រពត្តិនិយមតែមួយគត់ដែលខ្ញុំឃើញនៅអឺរ៉ុបឥឡូវនេះ គឺរុស្ស៊ី»។
លោក Macron បានបន្ថែមថា លោកដឹងថា លោក Putin អាចក្បត់ពាក្យសន្យារបស់លោក ពីព្រោះលោកបានធ្វើដូច្នេះ នៅពេលដែលមិនគោរពកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ ដែលបានចុះហត្ថលេខាជាមួយបារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន បន្ទាប់ពីបានលុកលុយគ្រីម៉ា ក្នុងឆ្នាំ២០១៤។
លោកក៏បាននិយាយផងដែរថា ប្រតិកម្មនៅទីក្រុងមូស្គូ កាលពីថ្ងៃទី៦ ខែមីនា ប្រហែលជាមានការភ្ញាក់ផ្អើលខ្លាំង ដោយសារគោលបំណងរបស់រុស្ស៊ីក្នុងការបន្តធ្វើសង្រ្គាមជាមួយអឺរ៉ុបជាយថាហេតុ បើទោះបីជាបន្ទាប់ពីមានសន្ធិសញ្ញាសន្តិភាពនៅអ៊ុយក្រែនក៏ដោយ៕