ផ្សារហ៊ុន Wall Street បានបន្តធ្លាក់ចូលក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីរដ្ឋបាលរបស់លោក Donald Trump បដិសេធមិនអនុវត្តគោលនយោបាយពាណិជ្ជកម្មមានហត្ថលេខារបស់លោកជាលើកទី២។
ភាពរំជើបរំជួលរបស់ផ្សារហ៊ុន បានធ្វើឲ្យសន្ទស្សន៍ Fear of Greed Index របស់ប្រព័ន្ធផ្សព្វផ្សាយ CNN ជាសូចនាករដែលវាស់វែងកត្តាតម្លៃ ៧ផ្សេងគ្នា នៅក្នុងទីផ្សារភាគហ៊ុន កំណត់នូវអ្វីដែលជាអារម្មណ៍ទទួលដឹង ដែលជំរុញវិនិយោគិនឲ្យធ្លាក់ចូលក្នុងក្ដីបារម្ភកាន់តែខ្លាំងឡើងៗ។ ភាពមិនប្រាកដប្រជា កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា) បន្តមានសម្រាប់អ្នកវិនិយោគ។
ទីផ្សារហ៊ុនដាំក្បាលចុះដល់ថ្ងៃអង្គារ បន្ទាប់ពីលោកប្រធានាធិបតី បានប្រកាសដំឡើងពន្ធលើម៉ិកស៊ិក កាណាដា និងចិន ហើយប្រទេសទាំងនោះ បានសងសឹក។ ផ្សារហ៊ុន Wall Street ឡើងថ្លៃវិញបន្តិច កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតី លោក Trump បានលុបចោលការអនុវត្តពន្ធគយ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត រហូតដល់ថ្ងៃទី២ ខែមេសា។
ប៉ុន្តែបន្ទាប់មក រដ្ឋបាលលោក Trump បានប្រកាសថា ខ្លួនកំពុងដកពន្ធភាគច្រើនលើការនាំចូលរបស់ម៉ិកស៊ិក នៅក្នុងការបង្ហោះតាមបណ្ដាញសង្គម កាលពីថ្ងៃទី៦ ខែមីនា។
ការប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះ បានធ្វើឲ្យអ្នកវិនិយោគមានអារម្មណ៍មិននឹងនរ។ លោក Keith Lerner ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារនៅធានាគារ Truist បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNBC ថា៖ «អ្នកកំពុងមានភាពច្របូកច្របល់។ ភាពវឹកវរនោះកំពុងរាលដាលចូលទៅក្នុងទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃ»។
ភាគហ៊ុនបច្ចេកវិទ្យា បានរងផលប៉ះពាល់ខ្លាំងបំផុត។ Nvidia ជាក្រុមហ៊ុនផលិតមីក្រូឈីបដ៏លេចធ្លោមួយ ដែលត្រូវបានគេមើលឃើញថា ជាទីផ្សារនៃឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) បានខាតបង់ ៥ភាគរយនៃតម្លៃភាគហ៊ុនរបស់ខ្លួនត្រឹមថ្ងៃត្រង់ថ្ងៃនោះ៕