ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសជប៉ុនមិនតម្រូវឲ្យការពារយោធារបស់សហរដ្ឋអាមេរិកនោះឡើយ ហើយរកចំណូលបានយ៉ាងច្រើនពីសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលលោកបានរិះគន់ភ្លាមៗ ចំពោះសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួន។
ការរិះគន់នេះបានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ជប៉ុន កំពុងរៀបចំត្រៀមធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលតាមសេចក្ដីរាយការណ៍ លោកនឹងទាមទារឲ្យមានការលើកលែងការដំឡើងពន្ធដែលជិតកើតមានរបស់សហរដ្ឋអាមេរិក លើដែកថែប និងអាលុយមីញ៉ូម។
កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា) លោក Trump បាននិយាយថា៖ «យើងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយប្រទេសជប៉ុន។ ប៉ុន្តែយើងមានកិច្ចព្រមព្រៀងគួរឲ្យចាប់អារម្មណ៍ជាមួយប្រទេសជប៉ុនដែលយើងត្រូវការពារពួកគេ ប៉ុន្តែពួកគេមិនចាំបាច់ការពារយើងទេ»។ លោកបានបន្តថា៖ «ហើយដោយវិធីនេះ ពួកគេបានរកចំណូលបានយ៉ាងច្រើនពីសេដ្ឋកិច្ចរបស់យើង។ តាមពិត ខ្ញុំចង់សួរថា តើអ្នកណាជាអ្នកបង្កើតកិច្ចព្រមព្រៀងទាំងនេះ?»។
ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshimasa Hayashi នៅថ្ងៃសុក្រ (ទី៧ ខែមីនា) នេះ បានប្រាប់ថា ប្រទេសជប៉ុនជឿជាក់លើទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តរក្សាកាតព្វកិច្ចរបស់ខ្លួន ចំពោះសន្ធិសញ្ញាសន្តិសុខរបស់ប្រទេសទាំង២។
គួរបញ្ជាក់ថា បុគ្គលិកយោធាអាមេរិកប្រមាណ ៥៤.០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសជប៉ុន ដែលភាគច្រើន នៅតំបន់អូគីណាវ៉ា (Okinawa) ភាគខាងកើតកោះតៃវ៉ាន់៕