អគ្គស្នងការនៃទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA)លោក Philippe Lazzarini បាននិយាយនៅថ្ងៃសុក្រនេះ ថា ការបំផ្លិចបំផ្លាញជំរំជនភៀសខ្លួន ដែលធ្វើឡើងដោយអ៊ីស្រាអែល នៅតំបន់វេសបែង ( West Bank) បានប្រែក្លាយទៅជាការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ប្រជាជនប៉ាឡេស្ទីន ចាប់តាំងពីសង្រ្គាមឆ្នាំ ១៩៦៧។
លោក Lazzarini បានសរសេរនៅលើទំព័របណ្តាញសង្គម X របស់ខ្លួនថា៖«ការរុះរើផ្ទះជាប្រព័ន្ធ និងទ្រង់ទ្រាយធំទាំងនេះ កំពុងជះឥទ្ធិពលដែលមិនធ្លាប់មានពីមុនមក លើជីវិតរបស់ជនភៀសខ្លួនប៉ាឡេស្ទីននៅក្នុងតំបន់។ ជំរំជនភៀសខ្លួន Jenin, Tulkarm និងជំរំ Nur Shams ត្រូវបានបាត់បង់អ្នករស់នៅ ជិតអស់ហើយ ជាមួយនឹងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងផ្ទះសម្បែងជាច្រើនខ្នង។ បច្ចុប្បន្ននេះ ប្រជាជនប្រឈមមុខនឹងការរំពឹងទុកនៃការគ្មានកន្លែងណាដែលអាចវិលត្រឡប់ទៅវិញទេ។ ប្រតិបត្តិការនេះ គឺមានរយៈពេលយូរបំផុត និងដ៏បំផ្លិចបំផ្លាញបំផុត ចាប់តាំងពីការបះបោររបស់ប៉ាឡេស្ទីនលើកទី ២ ដែលបណ្តាលឲ្យមានការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់វេសបែង ចាប់តាំងពីសង្រ្គាមឆ្នាំ ១៩៦៧។ លោកបានបន្ថែមថា មនុស្សប្រមាណ ៤០.០០០ នាក់ ត្រូវបានបង្ខំឲ្យចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងតំបន់វេសបែង។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំងជាច្រើននាក់។
អ៊ីស្រាអែល បានប្រកាសបិទហ្គាហ្សាទាំងស្រុង ហើយបានចាប់ផ្តើមធ្វើការវាយប្រហារសងសឹក ទៅលើដែនដីនេះ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី បន្ទាប់មកបានផ្តួចផ្តើមប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា។ ដោយសារមានការសម្រុះសម្រួលរបស់អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់នេះ។ កិច្ចព្រមព្រៀងដែលរួមមានបីដំណាក់កាល បានចូលជាធរមាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៥។