ពីប្រទេសអ៊ុយក្រែន ប្រមុខចារកម្មអ៊ុយក្រែន លោក Kyrylo Budanov បានគូសបញ្ជាក់អំពីគោលបំណងបន្ទាប់របស់លោក Vladimir Putin។ លោក Budanov បាននិយាយថា រុស្ស៊ីចាត់ទុកខ្លួនឯងថា ជាចក្រភព ហើយថា ចក្រភពដែលខ្លួនប្រាថ្នាចង់ក្លាយជានោះ «នឹងត្រូវបានបង្កើតឡើងតាមគំរូនៃសហភាពសូវៀត»។ ពាក់ព័ន្ធនឹងគោលបំណងរបស់រុស្ស៊ី តាមទស្សនៈរបស់លោក លោកបានលើកឡើងពីបណ្តាប្រទេសកតិកាសញ្ញាវ៉ាសូវី (Warsaw Pact) រួមមានប៉ូឡូញ សាធារណរដ្ឋឆេក ហុងគ្រី និងប៊ុលហ្គារី។

យោងតាមការយល់ឃើញរបស់លោក ទីក្រុងវ៉ាសូវី នឹងក្លាយជាគោលដៅដំបូងរបស់ទីក្រុងមូស្គូ។ អំឡុងពេលចូលរួមក្នុងសន្និសីទ ស្តីពីយុទ្ធសាស្ត្រអឺរ៉ុប នៅក្រុង Yalta នៃឧបទ្វីបគ្រីម៉ា លោក Budanov បានប្រកាសថា៖ «វា (ទីក្រុងវ៉ាសូវី) នឹងជាគោលដៅទី១ ខ្ញុំធានាចំពោះអ្នក»។
ហើយជាមួយគ្នានេះ លោកក៏បានប្រាប់ផងដែរថា អតីតប្រទេសដែលមានកតិកាសញ្ញាវ៉ាសូវី គឺតំណាងឲ្យ «ចំនួនអប្បបរមាដ៏ស្ដួចស្ដើង ក្នុងការបង្កើតចក្រភពមួយ»។ តែទោះជាយ៉ាងណាក្ដី លោកមានអារម្មណ៍ថា សម្រាប់ប្រទេសរុស្ស៊ី «ប្រហែលជាមិនទាន់អាចសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្តរបស់ខ្លួនបានយ៉ាងឆាប់រហ័សនោះឡើយ»៕

