ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកទំនងជាបំពេញដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីឈានដល់កិច្ចព្រមព្រៀងឲ្យទីក្រុង Riyadh វិនិយោគទុនទឹកប្រាក់ជាង ១សែនកោដិដុល្លារលើសេដ្ឋកិច្ចសហរដ្ឋអាមេរិក រួមទាំងការទិញគ្រឿងយុទ្ធោបករណ៍ផងដែរ ។
និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យ Oval លោក Trumpនិយាយថា លោកប្រហែលជាធ្វើដំណើរទៅកាន់ទីនោះ ១ខែកន្លះទៀត ។
លោកកត់ចំណាំថា ដំណើរនៅបរទេសលើកដំបូងនៃអាណត្តិដំបូងរបស់លោក គឺទៅកាន់ទីក្រុង Riyadh កាលពីឆ្នាំ ២០១៧ ដើម្បីប្រកាសការវិនិយោគទុនរបស់អារ៉ាប៊ីសាអូឌីតតម្លៃ ៣៥០ពាន់លានដុល្លារ ។
លោក Trump និយាយថា ពេលនេះ ពួកគេកាន់តែមាន ពួកយើងទាំងអស់គ្នាកាន់តែចាស់ទុំ ។ តាមការបង្គាប់បញ្ជារបស់លោក អារ៉ាប៊ីសាអូឌីត ចង់វិនយោគទុន ១សែនកោដិដុល្លារ រយៈពេល ៤ឆ្នាំលើក្រុមហ៊ុនអាមេរិកជាច្រើន រួមទាំងការទិញគ្រឿងយុទ្ធោបករណ៍ផងដែរ ។
លោកបន្តថា ពួកគេយល់ព្រមធ្វើ ដូច្នេះហើយលោកនឹងត្រូវធ្វើដំណើរទៅកាន់ទីនោះ ហើយលោកមាននូវទំនាក់ទំនងដ៏អស្ចារ្យជាមួយពួកគេ ហើយពួកគេល្អខ្លាំងណាស់ ៕