ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេស លោក Andrey Kelin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News ថា ប្រទេសរុស្ស៊ីស្នើឲ្យប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល ជាមូលដ្ឋានសម្រាប់ការផ្សះផ្សា នៅអ៊ុយក្រែន។
លោកបានលើកឡើងថា៖«នោះគឺជាសេចក្តីព្រាងមួយ ដែលមិនទាន់បានបញ្ចប់នៅឡើយទេ ប៉ុន្តែវាមានបទប្បញ្ញត្តិសំខាន់ៗនៃអ្វីដែលយើងកំពុងនិយាយនៅពេលនេះ។ យើងស្នើថា ការចរចានាពេលអនាគត នឹងផ្អែកលើសេចក្តីព្រាងនេះ»។
អ្នកការទូតរូបនេះ បានបន្តទៀតថា សេចក្តីព្រាងកិច្ចព្រមព្រៀង ដែលជិតឈានដល់ការព្រមព្រៀងគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលហើយនោះ បានផ្តល់ការធានាដែលអាចទប់ស្កាត់ជម្លោះថ្មីមិនឲ្យកើតឡើង នាពេល អនាគត។
លោកបានបន្ថែមថា៖«រដ្ឋាភិបាលអ៊ុយក្រែន មិនទទួលយកដំណោះស្រាយដោយសន្តិវិធីទេ។ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលសម្រេចបាន នៅក្នុងសេចក្តីព្រាងសន្ធិសញ្ញា នៅទីក្រុងអ៊ីស្តង់ប៊ុល អ្នកអាចមើលឃើញថា ដំណោះស្រាយនយោបាយភាគច្រើន រួមទាំងការធានា គឺស្ថិតនៅក្នុងសន្ធិសញ្ញានេះ»។
ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាពិសេសនេះ រុស្ស៊ី និងអ៊ុយក្រែន បានចូលរួមក្នុងការចរចាជាច្រើន។ ដំបូងឡើយ ពួកគេបានជួបគ្នា នៅប្រទេសបេឡារុសបន្ទាប់មកកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល នៅចុងខែមីនា ឆ្នាំ ២០២២។ ក្នុងអំឡុងពេលកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល គណៈប្រតិភូ បានចាប់ផ្តើមសេចក្តីព្រាងកិច្ចព្រមព្រៀងដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ចំពោះស្ថានភាពអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ និងការសន្យាមិនដាក់ពង្រាយអាវុធបរទេស រួមទាំងអាវុធនុយក្លេអ៊ែរ នៅលើទឹកដីរបស់ ខ្លួន។